រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំ ASIA TECH x SINGAPORE (ATxSG) នៅប្រទេសសិង្ហបុរី
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំ ASIA TECH x SINGAPORE (ATxSG) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣១ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា និងក្រុមហ៊ុនបច្ចេកវិទ្យាមកពីប្រទេសជាច្រើនជុំវិញពិភពលោក។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាផ្លាស់ប្ដូរបទពិសោធនិង ស្វែងយល់អំពីការវិវឌ្ឍនៃបច្ចេកវិទ្យាចុងក្រោយ ព្រមទាំងតួនាទីរបស់រដ្ឋាភិបាល និងធុរកិច្ចក្នុងការរួមគ្នាជំរុញសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។
ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងគណ:ប្រតិភូកម្ពុជា ក៏បានចូលរួមពិភាក្សាលើការវិវឌ្ឍចុងក្រោយនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបញ្ហាសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត ជាពិសេសសម្រាប់កុមារ។
នៅក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូ បានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយក្រុមហ៊ុន Apple, Amazon, Google, Grab, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី Block 71 របស់សិង្ហបុរី និងទីភ្នាក់ងារសន្តិសុខសាយប័រ (Cyber Security Agency) ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញការអភវឌ្ឍបច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថលនៅកម្ពុជា។
ជាមួយគ្នានេះ គណៈប្រតិភូ បានអញ្ជើញទស្សនានូវឧបករណ៍ និងដំណោះស្រាយនានាដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបៗចុងក្រោយ ដែលបានដាក់តាំងពិព័រណ៍ដោយក្រុមហ៊ុននានានៅលើពិភពលោកផងដែរ ៕