ក្រសួងទេសចរណ៍ ចាត់ទុកទស្សនកិច្ចរបស់ លោក ម៉ានី ប៉ាគីអាវ នៅអង្គរវត្តជាចំណែកសំខាន់បង្ហាញកម្ពុជាទៅពិភពលោក
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានចាត់ទុកដំណើររបស់ លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វីលីពីន ជាមួយភរិយា ទៅកាន់រមណីយដ្ឋានអង្គរ ជាចំណែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍វប្បធម៌ និងភាពទាក់ទាញរបស់កម្ពុជា ទៅកាន់ពិភពលោក។
បើតាមការផ្សព្វផ្សាយព័ត៌មាន ដោយក្រសួងទេសចរណ៍ កាលពីយប់ថ្ងៃទី១មិថុនា ឆ្នាំ២០២៤ ក្រសួងបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សកម្មភាពនៃដំណើរទស្សនកិច្ចរបស់លោក ម៉ានី ប៉ាគីអាវ រួមជាមួយភរិយា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍វប្បធម៌ និងភាពទាក់ទាញរបស់កម្ពុជាទៅកាន់ពិភពលោក ជាពិសេសសកម្មភាពនេះ ក៏ជាផ្នែកមួយនៃការជំរុញផ្សព្វផ្សាយយុទ្ធនាការ ឆ្នាំទស្សនាសៀមរាប២០២៤ ផងដែរ»។ លោក ម៉ានី ប៉ាគីអាវ រួមទាំងភរិយា កាលពីថ្ងៃទី១មិថុនា បានអញ្ជើញទស្សនាប្រាសាទអង្គរ ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់អំពីរចនាបថ ស្ថាបត្យកម្មសំណង់ប្រាសាទរបស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ដំណើរទស្សនកិច្ចទៅកាន់ខេត្តសៀមរាបរបស់កំពូលកីឡាករប្រដាល់រូបនេះ ធ្វើឡើង ក្រោយជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។
ក្នុងជំនួបនោះ លោក ប៉ាគីអាវ គោរពជម្រាបជូនសម្ដេចធិបតី ថាលោកនឹងចូលរួមលើកស្ទួយ និងជំរុញដល់វិស័យគុនខ្មែរ ដែលជាផ្នែកមួយនៃកីឡាប្រដាល់ ហើយលោកក៏នឹងជួបពិភាក្សាជាមួយកីឡាករល្បីៗនៃព្រះរាជាណាចក្រកម្ពុជា អំពីស្មារតីនៃកីឡាប្រដាល់ ក៏ដូចជាចែករំលែកពីបទពិសោធដ៏ច្រើនដែលលោកបានឆ្លងកាត់ក្នុងជីវិតជាអ្នកប្រដាល់អាជីពលំដាប់ពិភពលោក ជាមួយនឹងការប្រកួតជាច្រើនកម្រិត និងច្រើនប្រភេទទម្ងន់ផ្សេងៗ ៕