មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងពោធិ៍សាត់
ភ្នំពេញ៖ នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងពោធិ៍សាត់ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរង នៃគណ:អភិបាលខេត្តពោធិ៍សាត់ លោក Anthony Gill តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាយកគម្រោង តំណាងក្រុមហ៊ុនទីប្រឹក្សា ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា គម្រោងនេះស្ថិតនៅក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយគម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៣៣ហិកតា ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានទំហំ ៣ហិកតា។ គម្រោងត្រូវប្រើប្រាស់រយ:ពេលសាងសង់ចំនួន ៣៦ខែ ដោយចាប់ផ្តើមសាងសង់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ និងបញ្ចប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ៕