ឯកឧត្តម ស្វាយ សំអ៊ាង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់រដ្ឋបាលខេត្តប្រចាំខែឧសភា ឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ចបន្ត
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែឧសភា ឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ចបន្ត ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់មន្ទីរវិស័យឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរង នាយក នាយករងរដ្ឋបាលសាលាខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្ត។
ទន្ទឹមនិងនេះដែរកិច្ចប្រជុំ ក៏បានវាយតម្លៃខ្ពស់ លើការអនុវត្តការងាររបស់មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលខេត្តដែល បានអនុវត្តកន្លងមកយ៉ាងល្អប្រសើរ ព្រមទាំងបានណែនាំឲ្យស្ថាប័ន មន្ទីរ អង្គភាពជំនាញ សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តយកចិត្តទុកដាក់អនុវត្តការងារទៅតាមទិសដៅផែនការដែលបានដាក់ចេញ ដើម្បីនាំគ្នារួមចំណែកថែរក្សាសុខសន្តិភាពនិងអភិវឌ្ឍន៍ខេត្តស្ទឹងត្រែងឲ្យមានភាពរីកចំរើន ។
ថ្លែងក្នុងកិច្ចប្រជុំនោះឯកឧត្តម ស្វាយ សំអ៊ាង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាពក្នុងការចូលរួមគាំទ្រ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសន្តិភាព ការបម្រើសេវាសាធារណៈបានល្អ និងបានកសាងសមិទ្ធផលនានានៅតាមមូលដ្ឋានលេចជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តស្ទឹងត្រែងមានភាពរីកចម្រើន។ ដើម្បីបង្កើនការងារឱ្យកាន់តែមានភាពសកម្មជាងនេះទៅទៀតនោះ អភិបាលខេត្តបានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន ជាការឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ។
ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានជំរុញលើកទឹកចិត្តបន្ថែមទៀតដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព នៅតាមក្រុង/ស្រុកនានាក្នុងខេត្តស្ទឹងត្រែង ៕