អ៊ីស្រាអែលប្រកាសពីការស្លាប់ចំណាប់ខ្មាំង៤នាក់ទៀតនៅក្នុងការចាប់ខ្លួនរបស់ក្រុមហាម៉ាស
ហ្សេរុយសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ពួកគេបានបញ្ជាក់ពីការស្លាប់របស់ចំណាប់ខ្មាំងអ៊ីស្រាអែលបួននាក់ផ្សេងទៀតដែលត្រូវបានក្រុមហាម៉ាស់ ចាប់ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
អ្នកនាំពាក្យ IDF លោក Daniel Hagari បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែលប៉ាន់ប្រមាណថា អ្នកទាំងបួនត្រូវបានសម្លាប់រួមគ្នានៅក្នុងតំបន់ Khan Younis កាលពីប៉ុន្មានខែមុន នៅពេលដែលកងកម្លាំងអ៊ីស្រាអែលកំពុងប្រតិបត្តិការនៅទីនោះ។
លោកបានកត់សម្គាល់ថា ការបញ្ជាក់អំពីការស្លាប់របស់ពួកគេគឺផ្អែកលើព័ត៌មានស៊ើបការណ៍ ហើយត្រូវបានអនុម័តដោយគណៈកម្មាធិការជំនាញនៅក្រសួងសុខាភិបាល។
លោកបានបន្ថែមថា IDF កំពុងធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ទៅលើកាលៈទេសៈនៃការស្លាប់របស់ពួកគេ ហើយកំពុងពិនិត្យមើលលទ្ធភាពទាំងអស់។
IDF បានកំណត់អត្តសញ្ញាណជនរងគ្រោះទាំងបួននាក់ រួមមាន Amiram Cooper, Haim Perry, Yoram Metzger និង Nadav Popplewell។
Cooper, Perry និង Metzger ក្នុងវ័យ ៨០ ឆ្នាំរបស់ពួកគេ គឺជាអ្នកស្រុក Nir Oz ក្បែរព្រំដែន Gaza Strip ហើយត្រូវបានគេមើលឃើញថានៅមានជីវិតនៅក្នុងវីដេអូដែលចេញផ្សាយដោយក្រុម Hamas កាលពីខែធ្នូ។ Popplewell អាយុ ៥១ ឆ្នាំមកពីភូមិ Nirim ជិត Nir Oz។ គាត់ត្រូវបានគេឃើញចុងក្រោយនៅរស់ក្នុងវីដេអូដែលចេញដោយក្រុមហាម៉ាសកាលពីដើមខែឧសភា។
កាលពីព្រឹកថ្ងៃចន្ទ IDF បានប្រកាសថា ខ្លួនបានកំណត់ទីតាំង និងកំណត់អត្តសញ្ញាណសពគ្រូពេទ្យអាយុ ៣៦ ឆ្នាំ ឈ្មោះ Dolev Yehud នៅភូមិ Nir Oz របស់គាត់។ Yehud ដែលត្រូវបានគេចាត់ទុកថាជាចំណាប់ខ្មាំងរហូតដល់ថ្ងៃច័ន្ទត្រូវបានសម្លាប់ដោយក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលានេះបើយោងតាមកងទ័ព។
បច្ចុប្បន្ន ចំណាប់ខ្មាំងអ៊ីស្រាអែល ១២៤នាក់នៅតែត្រូវឃុំខ្លួនក្នុងតំបន់ Gaza Strip ដោយអ៊ីស្រាអែលបានប្រកាសថា ៤៣នាក់ក្នុងចំណោមពួកគេស្លាប់។