អភិបាលខេត្តកណ្ដាល អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលប្រជុំ និងបិទកិច្ចប្រជុំបូកសរុបការអនុវត្តការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបនុ្តឆ្នាំ២០២៤ របស់រដ្ឋបាលសាលាស្រុកកៀនស្វាយ
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលប្រជុំ និងបិទកិច្ចប្រជុំបូកសរុបការអនុវត្តការងារ ប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅអនុវត្តបនុ្តឆ្នាំ២០២៤ របស់រដ្ឋបាលសាលាស្រុកកៀនស្វាយស្ថិតនៅនៅបរិវេណសាលាស្រុក ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្កកណ្ដាល។
“លទ្ធផលប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្លងតាមការពិនិត្យវាយតម្លៃអំពីសភាពការណ៍ កិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងលទ្ធផលចាត់តាំង អនុវត្តគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព នៅទូទាំងខេត្ត ក្រុមប្រឹក្សាប្រឡងប្រណាំងបានកំណត់ចំណាត់ថ្នាក់ទាំង១២៧ឃុំ-សង្កាត់ តាមនិយាម ទាំង៥ គឺ ចំណាត់ថ្នាក់ប្រភេទ១មាន១១៣/១១៨ ឃុំ-សង្កាត់, ចំណាត់ថ្នាក់ ប្រភេទ២មាន១៤/៩ ឃុំ-សង្កាត់ និងចំណាត់ថ្នាក់ប្រភេទ៣ មិនមាន”។
ដោយឡែក ស្រុកកៀនស្វាយក្នុងចំណោម ៨ឃុំ ទទួលបានចំណាត់ថ្នាក់ប្រភេទ១ មាន ៤ ឃុំ និង ចំណាត់ថ្នាក់ប្រភេទ២ មាន ៤ ឃុំ និងចំណាត់ថ្នាក់ប្រភេទ៣ មិនមាន។
«ជាមួយគ្នានេះ ខ្ញុំបាទក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល, ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងខេត្តកណ្តាលគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចជាកាលតែងតែបានជួយឧបត្ថម្ភ គាំទ្រ ទាំង ស្មារតី និងសំភារៈ នៅគ្រប់កាលៈទេសៈ និងតែងនៅកៀកជាប់ ដោះស្រាយបញ្ហាការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន»៕