គ.ជ.ប ប្រកាសផ្លូវការ៖ គណបក្សប្រជាជនទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន ៥០៤អាសនៈ និងអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៣.២៥៧អាសនៈ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រកាសជាផ្លូវការនូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤។
តាមរយៈលទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនលើសលប់លើគណបក្សនយោបាយចំនួន ៤ផ្សេងទៀត។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន ៥០៤អាសនៈ និងអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបាន ៣.២៥៧អាសនៈ។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ក៏ភ្ជាប់ជាមួយនឹងលទ្ធផលនៃការបែងចែកអាសនៈ និងលទ្ធផលឈ្មោះនៃបេក្ខជនដែលបានជាប់ជាសមាជិកមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌផងដែរ។ ក្នុងនោះសម្រាប់អាសនៈក្រុមប្រឹក្សារាជធានី ខេត្ត សរុបមានចំនួន ៥៥៩អាសនៈ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥០៤អាសនៈ, គណបក្សឆន្ទៈខ្មែរ ទទួលបាន ៤៨អាសនៈ និងគណបក្សកម្លាំងជាតិ ទទួលបាន ៨អាសនៈ។ តាមតួលេខនេះបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនាំមុខគេ។ ចំណែកតំណាងគណបក្សប្រជាជនកម្ពុជា នឹងក្លាយទៅជាប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ទាំង២៥រាជធានី ខេត្ត ក្រុង។
អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបន្តថា សម្រាប់អាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ គឺមានចំនួន ៣.៦៤១អាសនៈ។ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៣.២៥៧អាសនៈ, គណបក្សឆន្ទៈខ្មែរ ទទួលបាន ៣១២អាសនៈ, គណបក្សកម្លាំងជាតិ ទទួលបាន ៦៨អាសនៈ, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ២អាសនៈ និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន ១អាសនៈ។ តាមតួលេខនេះ តំណាងគណបក្សប្រជាជនកម្ពុជា នឹងក្លាយទៅជាប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស។
គួរបញ្ជាក់ថា គ.ជ.ប ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅរសៀលថ្ងៃទី៤ ខែមិថុនានេះ បន្ទាប់ពីក្រុមត្រួតពិនិត្យលទ្ធផលនៃ គ.ជ.ប បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗរួចមក ៕