លោកជំទាវ យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំគ្រប់គ្រងគម្រោង រវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ អំពីការអនុវត្តការងាររបស់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំគ្រប់គ្រងគម្រោង រវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ អំពីការអនុវត្តការងាររបស់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសម្របសម្រួលគម្រោង ឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តមអគ្គនាយកនៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ លោកស្រី Ha Thi Hong Nguyen, Task Team Leader នៃធនាគារពិភពលោក និងលោក លោកស្រី ជាក្រុមការងារពាក់ព័ន្ធនៃគម្រោង H-EQIP 2 ។
គោលបំណង នៃកិច្ចប្រជុំគឺ៖
១. ការរៀបចំអង្គភាពទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ជាភ្នាក់ងារអនុវត្តគម្រោង
២. ពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធកត់ត្រាទិន្នន័យវេជ្ជសាស្ត្រអេឡិចត្រូនិច (Electronic Medical Record – EMR) សម្រាប់កត់ត្រាទិន្នន័យអ្នកមកទទួលសេវាពិនិត្យជំងឺមិនឆ្លង និងយន្តការនៃការបញ្ជាក់ចំណាយករណីជំងឺមិនឆ្លង អំឡុងពេលប្រព័ន្ធ មិនទាន់រៀបចំរួចរាល់
៣. ពិនិត្យ និងពិភាក្សាអំពីការគ្រប់គ្រងលើប្រព័ន្ធអេឡិចត្រូនិចកត់ត្រា និងគ្រប់គ្រងទិន្នន័យអ្នកជំងឺ (PMRS) រវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ
៤. ពិនិត្យវឌ្ឍនភាពនៃការរៀបចំកែសម្រួលកញ្ចប់អត្ថប្រយោជន៍នៃការផ្តល់សេវាសុខាភិបាល (Benefit Package)
៥. បានកំណត់ផែនការសកម្មភាពសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្ត៕