ឯកអគ្គរដ្ឋទូតចិន សន្យានឹងបន្តរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-ចិន បើទោះបីជាបញ្ចប់អាណត្តិបេសកកម្មក៏ដោយ
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតប្រកបដោយភាពជោគជ័យនៅកម្ពុជា ក្នុងឱកាសឯកឧត្តមឯកអគ្គរដ្ឋទូតចូលជួបជម្រាបលា នៅទីស្តីការក្រសួង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ឯកឧត្ដមឯកអគ្គរដ្ឋទូត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ ដែលរួមចំណែកដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការផ្តល់ជូននូវគ្រឿងឥស្សរិយយស «សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍» ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា គឺជាការបង្ហាញអំពីការទទួលស្គាល់នូវការរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងសម្រាប់បេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា ហើយបានសន្យាថានឹងបន្តរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិន បើទោះបីជាបញ្ចប់អាណត្តិបេសកកម្មក៏ដោយ ៕