ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃ ក្នុងខេត្តស្វាយរៀង
ភ្នំពេញ៖ នៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ប្រចាំខេត្តស្វាយរៀង បានចុះពិនិត្យការងារកំណត់ផ្ទៃអាងទឹក និងវឌ្ឍនភាពគម្រោងសាងសង់ប្រឡាយដោះទឹក ទំនប់សណ្ដ និងសំណង់សិល្បការ្យនៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃ ក្នុងខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងមន្ត្រីបច្ចេកទេសជាច្រើននាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យការងារកំណត់ផ្ទៃអាងទឹក និងបានជំរុញក្រុមការងារឱ្យពន្លឿនការងារកំណត់ផ្ទៃអាងទឹកចំនួនបួន មាន៖ អាងទឹកដូនទយ អាងទឹកធ្លកកំបុត អាងទឹកស្វាយយា និងអាងទឹកបាធូ ស្ថិតនៅក្នុងស្រុកចន្ទ្រា ស្រុកកំពង់រោទិ៍ និងក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីធ្វើការចុះបញ្ជីដីរដ្ឋ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រឡាយដោះទឹក ទំនប់សណ្ដ និងសំណង់សិល្បការ្យនៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃ ស្ថិតក្នុងឃុំស្វាយធំ និងឃុំឈើទាល ស្រុកស្វាយជ្រំ ជំហានទី១។
សូមជម្រាបថា នៅជំហានទី១នេះ ការងារសំខាន់ៗ រួមមាន៖ ១).ស្ដារប្រឡាយដោះទឹកប្រវែង ៥៥០ម៉ែត្រ, ២).សាងសង់ទំនប់សណ្ដប្រវែង ៥៥០ម៉ែត្រ និង៣).សាងសង់សំណង់បិទបើកទឹកចំនួន ២កន្លែង។ គិតមកដល់ពេលនេះលទ្ធផលការងារសម្រេចបាន ១០០%។
ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលសម្រេចបាន១០០% នៅជំហានទី១ នាពេលនេះ និងបានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង រៀបចំសំណើ ដើម្បីស្នើសុំគម្រោងជំហានទី២ ជាបន្ត ដែលរួមមាន៖ ១).ស្ដារប្រឡាយដោះទឹកប្រវែង ៥ ២៩១ម៉ែត្រ និង២).សាងសង់សំណង់សិល្បការ្យចំនួន ៨កន្លែង ដើម្បីបញ្ចប់គម្រោងឱ្យបានមុនភ្លៀងធ្លាក់ និងអាចស្តុកទឹកបានក្នុងអាងសម្រាប់បម្រើការងារស្រោចស្រពផងដែរ ៕