អភិបាលរងខេត្ត៖ ឆមាសទី១ ឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍ ទូទាំងខេត្តស្ទឹងត្រែង កើតឡើង ៣៦លើក បណ្ដាលឲ្យមនុស្សស្លាប់ ២១នាក់ និងរងរបួស ៤៩នាក់
ភ្នំពេញ៖ លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍ ទូទាំងខេត្តស្ទឹងត្រែង បានកើតឡើងចំនួន ៣៦លើក បើធៀបទៅ ឆមាសទី១ ឆ្នាំ២០២៣ ថយចុះ៥ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២១នាក់ និងរងរបួសចំនួន ៤៩នាក់ ។
ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ និងក្មេងទំនើង ក្រោមអធិបតីភាពឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ជាលទ្ធផលនៃរយៈពេល ឆមាសទី១ ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សម្រេចបាននូវកិច្ច ការងារមួយចំនួនរួមមាន ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ដែល បានធ្វើការអប់រំផ្សព្វផ្សាយជាប់ជាប្រចាំ អំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមវេទិកាសាធារណៈ គ្រឹះស្ថានសិក្សានៅ តាមមូលដ្ឋានភូមិ-ឃុំ ទន្ទឹមនឹងនោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្តក្នុងបំណងកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ ទូទាំងខេត្តសរុបចំនួន ៣៦/៤១លើក បើធៀបទៅ ឆមាសទី១ ឆ្នាំ២០២៣ ឃើញថាថយចុះ៥ករណី ក្នុងនោះ៖ – មនុស្សស្លាប់ចំនួន ២១នាក់ ស្រី ៤នាក់, – មនុស្សរងរបួសចំនួន ៤៩នាក់ ស្រី ១១នាក់ (មនុស្សរងរបួសធ្ងន់ចំនួន ៣៧នាក់ ស្រី ៧នាក់ និង មនុស្សរងរបួសស្រាល ១២នាក់ ស្រី ៤នាក់ ។
លោកបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍នេះភាគច្រើនបង្កឡើងដោយអ្នកបញ្ជាយានយន្តមិនគោរពច្បាប់ចរាចរណ៍ ដែលបញ្ហានេះជាកត្តាគន្លឹះដែល ត្រូវចាត់វិធានការជាចាំបាច់ជាមួយ និងការអប់រំផ្សព្វផ្សាយ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការសម្រួល ចរាចរណ៍នៅតាមគ្រឹះស្ថានសិក្សា ដើម្បីធានាបាននូវសុវត្ថិភាពជូនដល់សិស្សានុសិស្ស ៕