ប្រធានសភាពាណិជ្ចកម្មកម្ពុជាប្រចាំទីក្រុង Montreal ស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច នៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Montreal តំណាងដោយ លោក Kelvin Mo ប្រធានសភាពាណិជ្ចកម្ម ដែលមានបំណងស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ពិសេសការវិនិយោគក្នុងវិស័យកសិកម្មនិងការកែច្នៃ វិស័យទេសចរណ៍ សុខាភិបាល អចនទ្រព្យ សេវាកម្ម និងឧស្សាហកម្ម។
ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានជម្រាបជូនសមភាគីអំពីវឌ្ឍនភាពចុងក្រោយនៃការអភិវឌ្ឍរបស់កម្ពុជា ដែលស្តែងចេញតាមរយៈស្ថិរភាពនយោបាយ, ម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង, និងកំណើនឥតឈប់ឈរនៃរំហូរវិនិយោគ។
ឯកឧត្តមក៏បានគូសរំលេចអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាដែលកាន់តែមានភាពបើកចំហ, ទាក់ទាញ និងងាយស្រួលសម្រាប់ការបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ ជាពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាលដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារតាមរយៈការធានានូវក្របខ័ណ្ឌច្បាប់ដែលមានប្រសិទ្ធភាព, ការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ និងផ្ដល់ការលើកទឹកចិត្តដល់ការវិនិយោគ, និងការវិនិយោគយ៉ាងសន្ធឹកសន្ធាប់ទៅលើធនធានមនុស្ស និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។
លោកប្រធានការិយាល័យ បានសម្តែងនូវសុទិដ្ឋិនិយម ថាព័ត៌មានដែលការិយាល័យតំណាងទទួលបានយ៉ាងគ្រប់ជ្រុងជ្រោយនាឱកាសដំណើរទស្សនកិច្ចមកកាន់កម្ពុជាក្នុងពេលនេះ គឺបានផ្តល់នូវមូលដ្ឋានគ្រប់ជ្រុងជ្រោយសម្រាប់គណៈប្រតិភូ ដែលរួមដំណើរនាពេលនេះ ហើយក៏នឹងសម្រាប់ពាំនាំយកទៅផ្សព្វផ្សាយជូនសហគមន៍ធុរកិច្ចនៅកាណាដាដែលមានបំណងពង្រីកសកម្មភាពវិនិយោគនិងធុរកិច្ចរបស់ខ្លួននៅកម្ពុជាផងដែរ ៕