ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៥ខែដើមឆ្នាំ២០២៤ និងផែនការឆមាសទី២
ភ្នំពេញ៖ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣- ៥ខែដើមឆ្នាំ២០២៤ និងផែនការឆមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ព្រមទាំងមានការអញ្ជើញចូលរួមតាមប្រព័ន្ធអនឡាញពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីប្រតិបត្តិ ក្រុមងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាទាំង ២៥ រាជធានី ខេត្ត សរុបប្រមាណ ១៦០នាក់។
ស្ថិតក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរយ៉ាងក្រៃលែងចំពោះសាខាមួយចំនួនធំ ដែលតែងតែធ្វើសកម្មភាពយ៉ាងសកម្ម យ៉ាងទៀងទាត់ ដូចភ្លៀងរលឹម។ ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានស្នើសុំដល់សាខាមួយចំនួនតូចដែលមិនសូវមានសកម្មភាព សូមមេត្តាគិតគូររៀបចំធ្វើផែនការឱ្យបានទៀងទាត់ ជារៀងរាល់ខែ ជាពិសេសក្នុងនាមយើងជាប្រតិបត្តិករមនុស្សធម៌ ត្រូវពាំនាំនូវសារអប់រំសុខភាពជូនដល់បងប្អូនប្រជាជនយើង ក្នុងការរស់នៅឱ្យមានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ នៅក្នុងគ្រប់កម្មវិធីទាំងអស់របស់កាកបាទក្រហមកម្ពុជា ដើម្បីផ្លាស់ប្តូរឥរិយាបទនៃការរស់នៅជាវិជ្ជមានរបស់ប្រជាជនយើង និងគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស គឺមនុស្សដែលមានសុខភាពល្អ និងមានសមត្ថភាពខ្ពស់រួមចំណែកអភិវឌ្ឍប្រទេសជាតិយើង។
សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៣កន្លងទៅ ក៏ដូចជាឆ្នាំមុនៗដែរ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានបន្តអប់រំផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈការចុះអប់រំផ្ទាល់, តាមបណ្តាញព័ត៌មាននានា និងបណ្ដាញសង្គម ដើម្បីប្រជាជាតិខ្មែររាប់សិបម៉ឺននាក់បានយល់ជ្រួតជ្រាបពីខ្លឹមសារក្នុងសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលជារួមមានក្នុងឱកាសនៃការប្រារព្ធ៖ ទី១. ទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃឆ្នាំ២០៣០», ទី២. ទិវាឆ្មប ជាតិ-អន្តរជាតិ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាថ្មី : ពីភស្តុតាងជាក់លាក់ ទៅការអនុវត្តពិតប្រាកដ» និងទី៣. ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍»។
ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ, ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់កណ្តាល បានអប់រំផ្សព្វផ្សាយផ្ទាល់ដល់យុវជនតាមគ្រឹះស្ថានសិក្សា និងមហាជនក្នុងសហគមន៍ ចំនួន ២.៦១០នាក់ និងបានផ្តល់អំណោយមនុស្សធម៌ដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច ចំនួន ១.៩៥១គ្រួសារ។ ចំណែកក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ វិញ បានអប់រំផ្សព្វផ្សាយផ្ទាល់ដល់យុវជន និងមហាជនក្នុងសហគមន៍ចំនួន ២.០០៥នាក់ និងបានផ្តល់អំណោយមនុស្សធម៌ដល់អ្នកផ្ទុកមេរោគអេដស៍ ចំនួន ៦.២៣១គ្រួសារ។
ជាមួយគ្នានេះក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខាទាំង២៥ រាជធានី/ខេត្ត បានអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីសុខភាពមាតា ទារក និងកុមារ និងការកាត់បន្ថយការចម្លងមេរោគអេដស៍ ស្វាយ ពីម្តាយទៅកូនបានចំនួន៨.៩៣៧នាក់ (ស្រ្តី ៦.១៧៦នាក់) និងបានផ្តល់អំណោយមនុស្សធម៌ដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច ចំនួន ៣.២៦៤គ្រួសារ។ ចំណែកសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីមេរោគអេដស៍/ជំងឺអេដស៍បានចំនួន ១៣.៩៥៩នាក់ (ស្រ្តី ៦.៣៩៥នាក់) និងផ្តល់អំណោយមនុស្សធម៌ បានចំនួន ៣.៦៥៦គ្រួសារ។
ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិវិញ មានជំនួបពិភាក្សាការងារជាមួយអង្គការ យូ.អិន.អេដស៍ប្រចាំកម្ពុជា, ការចូលរួមកិច្ចប្រជុំប្រចាំខែ/ត្រីមាស និងសន្និបាតប្រចាំឆ្នាំអាជ្ញាធរអេដស៍, មជ្ឈមណ្ឌលជាតិនានានៃក្រសួងសុខាភិបាល,តំណាងក្រសួង/មន្ទីរពាក់ព័ន្ធនានា, និងសង្គមស៊ីវិល។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បានបន្តអនុវត្តការអប់រំលើកកម្ពស់ការយល់ដឹងអំពីមេរោគអេដស៍/ជំងឺអេដស៍ និងការទទួលបានឱសថប្រឆាំងមេរោគអេដស៍ សម្រាប់ជនចំណាកស្រុក ក្រោមកិច្ចសហការជាមួយកាកបាទក្រហមអ៊ីតាលី និងសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ប្រចាំនៅទីក្រុងបាងកក។
ចំពោះការផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិវិញ សម្រេចបានចំនួន ១២កម្មវិធី ដោយក្នុងកម្មវិធីនីមួយៗ មានការចូលរួមពីវាគ្មិន ដែលជាអ្នកជំនាញ, ជាអ្នកមានបទពិសោធន៍ច្រើន, សមស្របទៅនឹងប្រធានបទជាក់លាក់ប្រចាំខែ ដែលបង-ប្អូនរួមជាតិ ជាពិសេសស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងយុវជនយើងអាចយកទៅអនុវត្តបានក្នុងជីវិតរស់នៅប្រចាំថ្ងៃប្រកបដោយសុខភាពល្អ។
បន្ថែមទៅលើការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសុខភាពមាតា ទារក និងកុមារ និងពីការបង្ការ/ទប់ស្កាត់មេរោគអេដស៍/ជំងឺអេដស៍ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិទាំងនៅថ្នាក់កណ្តាល និងនៅថ្នាក់សាខាទូទាំងប្រទេស បានបញ្ជ្រាបបន្ថែមនូវសារអប់រំសំខាន់ៗ ទាក់ទងទៅនឹងជំងឺមហារីកសុដន់, ជំងឺមហារីកមាត់ស្បូន, ការថែទាំសុខភាពបឋម, សុខភាពបន្តពូជ, អាហារូបត្ថម្ភ, ការការពារជំងឺមិនឆ្លងនានា និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលជាការចូលរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពសង្គម៕