ទីក្រុង Kyiv ប្រកាសស្វាគមន៍ចំពោះការចូលរួមរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី Harris នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន
បរទេស៖ ទីក្រុង Kyiv កាលពីថ្ងៃពុធបានស្វាគមន៍ការប្រកាសពីទីក្រុងវ៉ាស៊ីនតោនថា អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងចូលរួមកិច្ចប្រជុំកំពូលនាពេលខាងមុខស្តីពីអ៊ុយក្រែន បើទោះបីជាមុននេះបានជំរុញឱ្យមានការចូលរួមរបស់លោកប្រធានាធិបតី Joe Biden ក៏ដោយ។
អ៊ុយក្រែនសង្ឃឹមថានឹងទទួលបានការគាំទ្រពីអន្តរជាតិយ៉ាងទូលំទូលាយនៅក្នុងកិច្ចប្រជុំនៅចុងខែនេះក្នុងប្រទេសស្វីសសម្រាប់ចក្ខុវិស័យរបស់ខ្លួនអំពីលក្ខខណ្ឌដែលត្រូវការដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី។ ទីក្រុងមូស្គូមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនោះទេ។
ប្រធានការិយាល័យប្រធានាធិបតី លោក Andriy Yermak បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា វាជាព័ត៌មានសំខាន់ដែលអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris ត្រូវបានបញ្ជាក់ថានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែមិថុនានៅប្រទេសស្វីស។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឲ្យដឹងមុននេះថា ប្រសិនបើលោក Biden បដិសេធកិច្ចប្រជុំកំពូលនោះ វាដូចជាអបអរសាទរ មេដឹកនាំរុស្ស៊ីលោក Vladimir Putin។
សេតវិមានបានបញ្ជាក់ថា លោក Biden នឹងជួបជាមួយលោក Zelenskyy នៅប្រទេសបារាំងក្នុងសប្តាហ៍នេះ ហើយបន្ទាប់មកម្តងទៀតនៅក្នុងកិច្ចប្រជុំ G7 នៅក្នុងប្រទេសអ៊ីតាលី ដើម្បីពិភាក្សាអំពីការប្រយុទ្ធរបស់ទីក្រុង Kyiv ប្រឆាំងនឹងប្រទេសរុស្ស៊ី។