អភិបាលខេត្តកំពង់ធំ ដាំកូនឈើធ្នង់ ១០០ដើម នៅសាលាបឋមសិក្សារកា ដើម្បីឱ្យមានសោភណភាពនៅក្នុងសាលា និងមានបរិយាកាសល្អ ខ្យល់បរិសុទ្ធ
ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បាននាំយកកូនឈើធ្នង់ ចំនួន ១០០ដើម ដាំនៅសាលាបឋមសិក្សារកា ស្ថិតនៅភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ការដាំដើមកូនឈើនៅក្នុងទីធ្លាសាលានេះ គឺដើម្បីឱ្យមានសោភណភាពនៅក្នុងសាលា និងមានបរិយាកាសល្អ ខ្យល់បរិសុទ្ធ ជាពិសេស ផ្តល់ជាម្លប់ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងជួយកាត់បន្ថយកម្ដៅបានមួយកម្រិតផងដែរ។
ឯកឧត្តមអភិបាលខេត្តកំពង់ធំបានបន្តទៀតថា រដ្ឋបាលខេត្តបានសហការជាមួយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដែលបានផ្ដល់នូវកូនឈើដើមធ្នុង ដាំទុក្ខសម្រាប់ឱ្យក្មេងជំនាន់ក្រោយបានស្គាល់ប្រភេទដើមឈើ និងកុំឱ្យផុតពូជ។ ដើមឈើ ជាប្រភេទធម្មជាតិមួយ ដែលជួយការពារ នៅខ្យល់ព្យុះ ទឹកជំនន់ និងបាតុភូតធម្មជាតិផ្សេងៗដែលកើតឡើងជាយថាហេតុទៀតផង។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានស្នើដល់ថ្នាក់ដឹកនាំសាលា និងសិស្សានុសិស្ស សូមចូលរួមថែរក្សាការពារនៅសមិទ្ធផលទាំងអស់នេះឱ្យបានគង់វង្ស និងបានល្អប្រសើរ ដើម្បីឱ្យសាលាមានភាពស្រស់បំព្រង ពិសេសចូលរួមដាំកូនឈើបន្ថែម និងចូលរួមសម្អាតបរិស្ថានដើម្បីអោយទីធ្លាក្នុងសាលានេះកាន់តែមានការអភិវឌ្ឍន៍បន្ថែមទៀត៕