ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញចូលរួមកិច្ចពិភាក្សាស្តីពីការរៀបចំបង្កើតយន្តការគ្រប់គ្រងអាងស្ទឹងសង្កែ ក្រោមក្របខ័ណ្ឌកម្មវិធី WAT4CAM ដំណាក់កាលទី១
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកកម្មវិធីគ្រប់គ្រងទឹក និងផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ដំណាក់កាលទី១ បានចូលរួមដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ស្តីពីការគាំទ្រការរៀបចំបង្កើតយន្តការគ្រប់គ្រងអាងស្ទឹងសង្កែ។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីតំណាងនាយកដ្ឋានទទួលបន្ទុកនៃក្រសួងធនធានទឹក និងឧតុនិយម មន្ទីរពាក់ព័ន្ធទាំងអស់ជុំវិញខេត្ត មន្ត្រីសាលាខេត្ត ក្រុមទីប្រឹក្សាបច្ចេកទេសទទួលបន្ទុក និងក្រុមការងារគ្រប់គ្រងកម្មវិធី WAT4CAM ដំណាក់កាលទី១។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលដៅចូលរួមអនុវត្តអនុក្រឹត្យលេខ៩៨ អនក្រ.បក របស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងអាងទន្លេ និងដើម្បីធានាបានទស្សនាទាននៃការគ្រប់គ្រងធនធានទឹកចម្រុះដែលបម្រើដល់វិស័យទាំងអស់កាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា កម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ជំហានទី១ ដែលកំពុងអនុវត្តនៅតាមបណ្តាខេត្តមួយចំនួន បានចូលរួមចំណែកក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ៕