សម្តេចធិបតី៖ សង្គមជាតិមួយរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមានដែលសម្លឹងឆ្ពោះទៅមុខជានិច្ច
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “ខ្ញុំសូមក្រើនរំលឹកទៅកាន់បងប្អូនយុវជនទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងមហាសន្និបាត JCI តំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៤ ក៏ដូចជានៅទីកន្លែងដទៃទៀតថា បងប្អូនយុវជននេះហើយជាអ្នកកំណត់ ជោគវាសនា នាពេលអនាគតនេះ”។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបើក មហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃសភាយុវពាណិជ្ជករអន្តរជាតិ ប្រចាំឆ្នាំ២០២៤ នៅខេត្តសៀមរាប នាល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អ្វីៗទាំងអស់ដែលបងប្អូនបានរៀន គិត និងកំពុងអនុវត្តជាកត្តាដែលនឹងសម្រេចថា តើសង្គមជាតិយើងពិតជាអាចឆ្លងកាត់ភាពមិនប្រាកដប្រជានេះ បាន ឬមិនបាន។ ក្នុងន័យនេះ សម្តេចធិបតី បានបន្តថា ការពង្រឹងភាពអង់អាចរបស់យុវជន គឺពិតជាការវិនិយោគ សម្រាប់អនាគត ដោយសង្គមជាតិមួយរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមានដែលសម្លឹងឆ្ពោះទៅមុខជានិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍ដល់យុវជនសូមចាប់យកឱ្យបាន នូវរាល់ឱកាសទាំងឡាយណាដែលមានពីព្រឹត្តិការណ៍ ជួបជុំគ្នាដូចខណៈនេះ និងពីយន្តការផ្សេងៗដូចជា JCI សំដៅធានាថា បងប្អូនយុវជនពិតជា ទទួលបាន នូវផ្នត់គំនិតថ្មីៗ និងកសាងបាននូវចំណងមិត្តភាពយូរអង្វែង ដើម្បីក្លាយជាយុវជន ដែលសង្គមជាតិត្រូវការ ដោយមិនអាចខ្វះបាន ៕