អគ្គនាយករងអាជ្ញាធរជាតិអប្សរា បញ្ជាក់អំពីការងារសម្អាតបរិស្ថាន និងអនាម័យ នៅបរិវេណអង្គរ ដែលជាបន្ទុករបស់ក្រុមហ៊ុន HCC ទទួលរ៉ាប់រង ទាំងលើគោក និងក្នុងទឹក
ភ្នំពេញ៖ ឯកឧត្តម ឡុង កុសល អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា អំពីការងារសម្អាតបរិស្ថាន និងអនាម័យ នៅបរិវេណប្រាសាទអង្គរវត្ត ដែលជាបន្ទុករបស់ក្រុមហ៊ុនឯកជន HCC ទទួលរ៉ាប់រងលើការងារនេះ ទាំងលើគោក និងក្នុងទឹក។
ឯកឧត្តមអគ្គនាយករង បានបន្តថា ក្រៅពីតំបន់អង្គរ ក្រុមហ៊ុនឯកជន HCC ក៏ទទួលបន្ទុកសម្អាតតាមដងផ្លូវសម្តេចវិបុលបញ្ញា សុខ អាន នៅស្នាក់ការធំអាជ្ញាធរជាតិអប្សរា និងសារមន្ទីរ និងកន្លែងផ្សេងៗទៀតក្រោមសមត្ថកិច្ចអាជ្ញាធរជាតិអប្សរា។
ឯកឧត្តមអគ្គនាយករង ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន មិនមែនអត់សម្ភារឬម៉ាស៊ីនកាត់ស្មៅនោះទេ តែគេប្រើឧបករណ៍ដោយដៃតាមទីតាំងជាក់ស្តែង ដូចជា ប្រឡាយ មាត់ស្រះ ឬទីកន្លែងដែលមានរាងដូចបាតខ្ទះ និងប្រើម៉ាស៉ីននៅទីកន្លែងដែលមានផ្ទៃរាប។ ចំពោះការស្តារកូនរុក្ខជាតិទឹកឬសំរាមក្នុងកសិន្ធុ ស្រះ ជាដើម ពួកគាត់ប្រើទូក និងប្រដាប់សំរាប់ប្រមូលកូនរុក្ខជាតិឬសំរាម។ រាល់កិច្ចការរបស់ពួកគាត់គឺធ្វើបានហ្មត់ចត់និងមានគុណភាពខ្ពស់ មិនខ្លាចប្រឡាក់រាងកាយឬដៃឡើយ។ មួយថ្ងៃៗនៅអង្គរ បើគ្មានពួកគាត់ទេ មិនដឹងថាតើបរិស្ថាន អនាម័យធ្លាក់ដល់កំរឹតណានោះទេ។ ដូច្នេះ សូមមើលប្រយោជន៍នៃការងាររបស់ពួកគាត់ ជាជាងមើលវិធីសាស្ត្រដែលគាត់ធ្វើ។ សួរខ្លួនឯងវិញថា ថាតើពួកគាត់ធ្វើបានស្អាតដែរឬទេ?
មួយវិញទៀត ពួកគាត់ភាគច្រើនជានារីៗ ហើយអាយុក៏មិនក្មេងដែរ មិនងាយរកការងារធ្វើទេ បើមិនជ្រើសរើសពួកគាត់ តើគាត់មានចំណូលចិញ្ចឹមជីវិតដោយវិធីណា?
ក្នុងនាមអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល ក៏ឲ្យសូមបងប្អូនទាំងអស់ទទួលយកនូវការពន្យល់នេះប្រកបដោយការស្រឡាញ់ រាប់អាន និងចូលរួមកែលម្អត្រង់ចំណុចខ្វះខាតដែលកើតចេញពីកង្វះនៃប្រសិទ្ធភាពការងារ ៕