រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ភាពស្អាតកើតចេញពីចិត្តនាំឱ្យប្រទេសជាតិស្អាតបន្តជំនាន់ទៅមុខទៀត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ភាពស្អាតកើតចេញពីចិត្ត នឹងធ្វើឱ្យភាពស្អាតនៅតាមមូលដ្ឋាន នាំឱ្យប្រទេសកម្ពុជា ដែលពីមុនមានភាពស្អាត នឹងមានសម្រស់ស្រស់ស្អាត មានអនាម័យបរិស្ថានល្អប្រសើរ ហើយភាពស្អាតនេះ នឹងបន្តជំនាន់ទៅមុខទៀត។ ការលើកឡើងបែបនេះរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តសៀមរាប នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ១កញ្ញា បាននិងកំពុងកៀរគរមនុស្សជាង ៨,៨លាននាក់ ឱ្យចូលរួមនាពេលបច្ចុប្បន្ន ដែលបានបញ្ជាក់ថាអ្នកចូលរួមស្រឡាញ់និងទុកដាក់សំរាម កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនោះគឺមានចំនួនច្រើន ជាងអ្នកដែលបោះសំរាម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា យុទ្ធនាការថ្មី«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន ទន្ទឹមគ្នានឹងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក៏កំពុងជំរុញជាពិសេសនោះ ការគាំទ្ររបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកបន្ថែមទៀត ដោយបេះដូង ធ្វើឱ្យសាលារៀនស្អាត វត្តអារាមស្អាត ភូមិឋានស្អាត សហគមន៍ស្អាត មានអនាម័យ និងប្រទេសជាតិមានបរិស្ថានស្អាត ទៅថ្ងៃអនាគត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានទាំងអស់ ពង្រឹងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព ដែលក្នុងនោះបន្តកិច្ចសហការជាមួយ រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដើម្បីជំរុញការអប់រំ និងផ្សព្វផ្សាយ ពីបញ្ហាបរិស្ថាន ឱ្យបានច្រើនឡើងថែមទៀត ជាពិសេសយុទ្ធនាការ កុំឱ្យមានការបោះសំរាមផ្តេសផ្តាស ជាពិសេសរួមចំណែកលុបបំបាត់សំណល់ប្លាស្ទិក នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្រ្កីក្រសួងបរិស្ថាន ត្រូវចូលរួមប្រឹងប្រែងអនុវត្តន៍ការងារ ស្របតាមយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨ ដើម្បីឈានឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ បង្កើនគម្របព្រៃឈើ ៦០%នៅទូទាំងប្រទេស និងជាប្រទេសអាព្យាក្រឹតកាបូន ៕