អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងអង្គសន្តិបាតបូកសរុបការងារបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម សោម សូរីដា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញជាអធិបតី ក្នុងអង្គសន្តិបាតបូកសរុបការងារបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ដែលធ្វើឡើងនៅសណ្ឋាគារLBN ក្រុងកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការរៀបចំការបោះឆ្នោតអាចប្រព្រឹត្តទៅ បានអាស្រ័យដោយសារប្រទេសជាតិទាំងនោះ មានសន្តិភាព ដូចប្រទេសកម្ពុជានាពេលបច្ចុប្បន្ន កំពុងមានស្ថេរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងមានការអភិវឌ្ឍ ទើបប្រទេសយើងបានរៀបចំការបោះឆ្នោត ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អ ដូចយើងទទួលបានថ្មីៗនេះស្រាប់ ដោយមានការកោត សរសើរទាំងមតិជាតិ និងមតិអន្តរជាតិ។
ឯកឧត្ដមអភិបាលខេត្ត បានបន្តទៀតថា ដោយផ្អែកលើបទពិសោធន៍កន្លងមក ការប្ដេជ្ញាចិត្ត និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើឱ្យសន្តិសុខ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្ដិទី៤ ឆ្នាំ២០២៤ មានលក្ខណៈល្អប្រសើរដោយពុំមានអំពើហិង្សា និងការគំរាមកំហែងខាង នយោបាយ ឬអ្នករងរបួសស្នាមពាក់ព័ន្ធដំណើរការបោះឆ្នោតនោះឡើយ។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងភាពមមាញឹកបែងចែកកម្លាំងមានសមត្ថកិច្ច ដើម្បីរក្សាការពារសន្តិសុខបោះឆ្នោត រាជរដ្ឋាភិបាលក៏មានការទទួលខុសត្រូវក្នុងការធានាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅក្នុងសង្គមសំដៅធានាប្រក្រតីភាព នៃជីវភាពសង្គមលើគ្រប់ផ្នែក ដើម្បីបង្កបរិយាកាសដល់ប្រជាជន គ្រប់ៗរូបបានចូលរួមក្នុង ដំណើរការបោះឆ្នោតប្រកបដោយសុវត្ថិភាព និងគ្មានការភ័យខ្លាច។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តម សោម សូរីដា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្តែងនូវការកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរខេត្តកំពង់ចាម និងមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ចូលរួមសហការយ៉ាងកក់ក្តៅក្នុងដំណើរការរៀបចំការបោះឆ្នោត អសលទាំងពីរលើកនេះ ធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តិទៅក្នុងស្ថានភាពស្ងប់ស្ងាត់ សន្តិសុខ សុវត្ថិភាព គ្មានការ គំរាមកំហែង គ្មានអំពើហិង្សា និងប្រកបដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពផងដែរ ៕