កម្ពុជា និងបេឡារុស ឯកភាពរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤
ភ្នំពេញ៖ នៅថ្ងៃទី0៧ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Uladzimir Baravikou ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
ក្នុងកិច្ចជំនួប ឯកឧត្តម ឃួន ផុនរតនៈ និង ឯកឧត្តម Uladzimir Baravikou បានពិភាក្សាប្រកបដោយផ្លែផ្កាអំពីទំនាក់ទំនងការទូតដ៏មានសក្តានុពលរវាងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរ នៅក្នុងត្រីមាសទីបី ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
កិច្ចពិគ្រោះយោបល់នេះ ជាវេទិកាដ៏មានសារៈសំខាន់មួយសម្រាប់ពិភាក្សារកដំណោះស្រាយបញ្ហាទ្វេភាគីសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធលើបញ្ហាតំបន់ និងពិភពលោកដែលជាផលប្រយោជន៍ទៅវិញទៅមក។
ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម ផងដែរ ៕