ប.ស.ស បន្តពង្រីកការបញ្ជ្រាបការយល់ដឹង ឱ្យកាន់តែស៊ីជម្រៅលើរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ
ភ្នំពេញ៖ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាសហធិបតីភាព ក្នុងកម្មវិធីបើកពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តឧត្តរមានជ័យ ដោយមានអ្នកចូលរួមប្រមាណជាង ៣០០នាក់។
មានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយនោះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. បានថ្លែងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត គឺជាកម្មវិធីអាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅរកកម្មវិធីគ្របដណ្ដប់សុខភាពជាសកលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអគ្គនាយករង ប.ស.ស. បានលើកឡើងថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីជួយដល់មន្ត្រីសាធារណៈ ឱ្យទទួលបានការថែទាំសុខភាពសម្រាប់ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក ជាផ្នែកមួយជួយគ្រប់គ្រងចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ក្នុងគោលដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។
ឯកឧត្តមអគ្គនាយករង បានបន្តទៀតថា មន្ត្រីរាជការ ដែលមានអ្នកក្នុងបន្ទុក រួមមាន ប្តី ឬប្រពន្ធ និង កូនក្នុងបន្ទុក អាចទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត រួមមាន សេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស.។
ក្នុងឱកាសនោះដែរ៖ ឯកឧត្តម ហួន វ៉ាន់និត អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ បានកោតសរសើរចំពោះថ្នាក់ដឹកនាំបេឡាជាតិសន្ដិសុខសង្គម ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទនៈជូនជាតិ និងប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរង បានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការដែលបានចូលរួមនាព្រឹកនេះ ជួយផ្សព្វផ្សាយបន្ត និងណែនាំទៅដល់សមាជិកគ្រួសារ ដែលស្ថិតក្រោមបន្ទុកទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅគ្រប់ទីតាំងសាខា ប.ស.ស. ដែលនៅជិត ដើម្បីទទួលបានអត្ថប្រយោជន៍ពី ប.ស.ស.៕