សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ទី១៩ ជូនដូនចាស់ជរាទុរគត ១នាក់ នៅឃុំអង្គរបាន ស្រុកកងមាស
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមនិងព្រះវត្តមានព្រះឧត្តមចរិយា ស៊ាង លាង ព្រះនាគសត្ថា ព្រះបាឡាត់គណខេត្ត ឯកឧត្តម ចាន់ សុភា ប្រធានក្រុមការងារចុះជួយឃុំអង្គរបាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមជាមួយព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត សាលាអនុគណស្រុក និងអនុសាខាស្រុក បាននិមន្ត និង អញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី១៩ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត សាលាគណខេត្ត និងការផ្តល់ថវិកាបដិភាគពីក្រុមការងារចុះជួយឃុំអង្គរបានជូនដូនចាស់ជរាគ្មានទីពឹង ឈ្មោះ ប៊ន់ សេងងួន អាយុ ៧២ឆ្នាំ រស់នៅភូមិអង្គរបានទី៧ ឃុំអង្គរបាន ស្រុកកងមាស។
គួររំលឹកថា លោកយាយ ប៊ន់ សេងងួន ជាចាស់ជរាទុរគត ហើយស្នាក់នៅក្រោមផ្ទះអ្នកជិតខាងយ៉ាងកំសត់តែ២នាក់ ចៅប្រុស ១នាក់ ដែលឪពុកម្តាយគេ បានធ្វើចំណាកស្រុកក្រៅខេត្ត។ មិនត្រឹមតែគ្មានមុខរបរអ្វីចិញ្ចឹមជីវិតទេ តែដូនចាស់ម្នាក់នេះ មានទាំងជម្ងឺប្រចាំកាយថែមទៀត។ សព្វថ្ងៃ រស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប័ណ្ណសមធម៌ ក្រ២ និងការជួយឧបត្ថម្ភចំណីអាហារពីអ្នកជិតខាង ប៉ុណ្ណោះ។
ដូនចាស់ជរាទុគត រូបនេះ មានដីជាកម្មសិទ្ធិទំហំ ១៣ម៉ែត្រ × ២២ម៉ែត្រ ក្នុងភូមិអង្គរបានទី៧ នេះ។ ទោះជាយ៉ាងណាក្តី ដោយសារជីវភាពក្រខ្សត់ពេក ដូនចាស់ជរារូបនេះ ពុំមានលទ្ធភាពទាល់តែសោះ ក្នុងការសង់ផ្ទះស្នាក់នៅបានឡើយ។
តាមការស្នើសុំពីក្រុមកាកបាទក្រហមឃុំ អនុសាខាស្រុក រួមជាមួយសំណើសុំបិណ្ឌបាត្រពីព្រះអនុគណស្រុក និងដោយមើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម៉ែត្រ × ៦ម៉ែត្រ) ១ខ្នង រួមជាមួយបង្គន់អនាម័យ ១បន្ទប់ តម្លៃសរុបប្រមាណជិត១២,០០០,០០០រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកងមាស និងសប្បុរសជនជាក្រុមការងារចុះជួយឃុំអង្គរបាន ជូនដូនចាស់ ប៊ន់ សេងងួន សម្រាប់ស្នាក់នៅ ជាកម្មសិទ្ធិតទៅ។
ដើម្បីជួយសម្រាលជីវភាពរស់នៅ សាខាបានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនដូនចាស់ជរា សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន៖ អង្ករ ៥០គីឡូក្រាម, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប, ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, សាប៊ូ ១៦ដុំ, សម្ភារផ្ទះបាយ និងថវិកា ២០០,០០០រៀល។
ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១៥នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ, ត្រីខ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ឃីត និងអាវយឺត ព្រមទាំងថវិកាចំនួន ២០,០០០រៀលផងដែរ ៕