ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកជំនន់ចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល
ភ្នំពេញ៖ នៅរសៀលថ្ងៃសោរ៍ ២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញដឹកនាំក្រុមការងាររបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្ដម យូ ស៊ុនឡេង ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទ្វារទឹក និងស្ថានីយបូមទឹក នៃគម្រោងដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ក្នុងខេត្តកំពង់ស្ពឺ និងការងារស្តារប្រឡាយព្រែកហូរ ក្នុងខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទ្វារទឹកស្ទឹងតូច និងស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទៅដល់ភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានលទ្ធភាពដោះទឹកពីស្ទឹងព្រែកត្នោតបានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី។ គិតមករហូតមកដល់ពេលនេះវឌ្ឍនភាពការងារនៃអនុគម្រោងសំណង់ទ្វារទឹក និងប្រព័ន្ធដោះទឹកជំនន់ស្ទឹងតូចសម្រេចបានប្រមាណ ៧០%។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានចុះពិនិត្យសំណង់ស្ថានីយបូមទឹកសាក់សំពៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានអគារកម្ពស់ ៨ម៉ែត្រ មានទទឹងខាង ២៧ម៉ែត្រ និងបណ្តោយទាំងថ្មការពារជើងទេរមុខក្រោយ ១៥០ម៉ែត្រ មានក្បាលបូម ៦គ្រឿង អាចបូមបាន ៣០ម៉ែត្រគូបក្នុង១វិនាទីក្នុង១គ្រឿង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារក៏បានចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយព្រែកហូរ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងខេត្តកណ្តាល ដែលធ្វើការស្តារស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីខាងកើតផ្លូវជាតិលេខ៣។ គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងសម្រេចបានប្រមាណ ៩៥% ហើយគ្រោងបញ្ចប់ក្នុងខែកក្កដា ឆ្នាំ២០២៤ ខាងមុខ ៕