លោក Pita Limjaroenrat មានជំនឿចិត្តថានឹងឈ្នះ ក្នុងសំណុំរឿងបណ្ដឹងស្នើរំលាយគណបក្ស Move Forward
បាងកក៖ អតីតមេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat នៅថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថាលោកមានជំនឿចិត្តថានឹងទទួលបានជ័យជម្នះ នៅក្នុងសំណុំរឿងញត្តិស្នើរំលាយគណបក្សរបស់លោក ជុំវិញគោលនយោបាយធ្វើកំណែទម្រង់ច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
គណបក្ស Move Forward របស់លោក Pita Limjaroenrat បានឈ្នះអាសនៈភាគច្រើនក្នុងការបោះឆ្នោតសកលកាលពីឆ្នាំមុន ប៉ុន្តែក្រុមសមាជិកព្រឹទ្ធសភាអភិរក្សនិយមរារាំងមិនឱ្យរូបលោក ក្លាយជានាយករដ្ឋមន្ត្រី មួយផ្នែកដោយសារតែគោលនយោបាយចង់ធ្វើកំណែទម្រង់ច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ ដែលជាខែលការពារព្រះមហាក្សត្រ Maha Vajiralongkorn ពីការរិះគន់ទាំងឡាយ។
តុលាការធម្មនុញ្ញថៃកំពុងពិចារណាលើញត្តិស្នើសុំរំលាយគណបក្ស Move Forward ប៉ុន្តែនៅថ្ងៃអាទិត្យនេះ លោក Pita Limjaroenrat បានគូសបញ្ជាក់ពីអំណះអំណាងការពាររបស់គណបក្ស ចំនួន ៩ចំណុច ដោយនិយាយថាលោកផ្ទាល់មានជំនឿចិត្តថាអាចនឹងទទួលបានជ័យជម្នះក្នុងសំណុំរឿងនេះ។ «ខ្ញុំពិតជាមានជំនឿចិត្តជាមួយអំណះអំណាងទាំង៩ ចំណុច របស់ខ្ញុំ។ អំណះអំណាងទាំង៩ចំណុចរបស់យើងផ្ដោតលើយុត្តាធិការ និងនីតិវិធី»។ នេះជាការបន្ថែមរបស់លោក Pita Limjaroenrat។
បើតាមលោក Pita Limjaroenrat មេធាវីរបស់គណបក្សនឹងធ្វើការ អះអាងថាតុលាការធម្មនុញ្ញមិនមានយុត្តាធិការក្នុងការសម្រេចចិត្តលើសំណុំរឿងនេះទេ រីឯគណៈកម្មការបោះឆ្នោតក៏មិនបានដាក់ញត្តិតាមនីតិវិធច្បាប់ត្រឹមត្រូវនោះដែរ។
គួរបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោតថៃ កាលពីខែមីនាកន្លងទៅ បានស្នើសុំឱ្យតុលាការធម្មនុញ្ញរំលាយគណបក្ស Move Forward បន្ទាប់ពីតុលាការនេះបានចេញ សេចក្ដីសម្រេចមួយថាគោលនយោបាយធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ គឺជាការប៉ុនប៉ងផ្ដួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
សេចក្ដីសម្រេចនេះមិនបាន ដាក់ទោស ឬពិន័យអ្វីលើគណបក្ស Move Forward នោះទេ។ តុលាការធម្មនុញ្ញថៃនឹងបើកសវនាការមួយលើសំណុំរឿងនេះនៅថ្ងៃពុធសប្ដាហ៍ក្រោយ ប៉ុន្តែត្រូវបានគេរំពឹងថា នឹងមិនចេញសាលក្រមសម្រេចណាមួយភ្លាមៗឡើយ។
កាលពីឆ្នាំ២០២០ គណបក្ស Future Forward ដែលជាគណបក្សដើមរបស់គណបក្ស Move Forward ត្រូវបានតុលាការធម្មនុញ្ញថៃរំលាយចោលជុំវិញបញ្ហាហិរញ្ញវត្ថុ ហើយ ការរំលាយនេះបានជំរុញឱ្យមានបាតុកម្មតវ៉ាទ្រង់ទ្រាយធំក្នុងទីក្រុងបាងកក អស់រយៈពេលជាច្រើនខែ។