ព្រឹកនេះ! សម្តេចធិបតីអញ្ជើញបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល
ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី ១០ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល។
សាលាភូមិន្ទរដ្ឋបាល ជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈមួយ ដែលមានបេសក កម្មពិសេសសំខាន់ៗចំនួន៣ ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ឱ្យឆ្លើយតប តម្រូវ ការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
បេសកកម្មទាំង៣នោះ រួមមាន៖ ១) ជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលដំបូង ដល់មន្ត្រីដែលទើបបានជ្រើសរើសថ្មីក្នុងក្របខណ្ឌនៃវិស័យរដ្ឋបាល, ២) រៀបចំផ្តល់ការបណ្តុះបណ្តាលបន្ត តាមរយៈវគ្គវិក្រឹតការ ការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី សន្និសីទ សិក្ខាសាលា និងការរៀបចំកម្មវិធីចែករំលែកចំណេះដឹង បទពិសោធពាក់ព័ន្ធវិស័យសាធារណៈដល់សិស្ស និស្សិត មន្ត្រីរាជការ មន្ត្រីសាធារណៈ ក៏ដូចជាមន្ត្រីដទៃទៀត និងទី៣) ធ្វើការសិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយនវានុវត្តន៍ និងឧត្តមានុវត្តលើផ្នែកគោលនយោបាយសាធារណៈ ការគ្រប់គ្រងសាធារណៈ រដ្ឋបាល សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទំនាក់ទំនងអន្តរជាតិ។
សាលាភូមិន្ទរដ្ឋបាលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈជាបន្តបន្ទាប់ សម្រាប់ការ អនុវត្តសកម្មភាពអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ។ ចាប់តាំងពីការបើកឱ្យ ដំណើរការឡើងវិញ រយៈពេលជាង៣០ឆ្នាំ មក នេះ ពោលគឺចាប់ពីឆ្នាំ១៩៩២ មកដល់ ឆ្នាំ២០២៣ សម្រេចបាននូវការបណ្តុះបណ្តាលមន្រ្តីរាជការ ទាំងវគ្គសិក្សារយៈពេល វែង និងវគ្គសិក្សារយៈពេលខ្លី សរុបចំនួន ២៣,៨១៨នាក់ មាននារី ៥,០១៧នាក់។ ក្នុងនោះ៖ សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ចំនួន ១,៦០៩នាក់ នារី ៤០៤នាក់, កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីគ្រប់គ្រងរដ្ឋបាល និង មន្ត្រី ក្រមការ ចំនួន ៧,២៩៤នាក់ នារី ១,០៨៨នាក់, មន្រ្តីក្របខណ្ឌថ្មីតាមក្រសួង ស្ថាប័នចំនួន ៥,៤៣៤ នាក់ នារី ២,១១៨នាក់, វគ្គបណ្តុះបណ្តាលរយៈពេលខ្លី ចំនួន ៩,៤៨១នាក់ នារី ១,៤០៧នាក់។
ដោយឡែកជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រឆ្នាំ២០២៣ មានចំនួនសរុប ៧៩៤អង្គ/នាក់ នារី ១៨៩នាក់។ ក្នុងនោះ សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២ «កម្ពុជាក្នុងបេះដូងខ្ញុំ» ចំនួន ៩២នាក់ នារី ៣១នាក់, សិស្សមន្ត្រីក្រម ការ ជំនាន់ទី១០ «ប្រជាជាតិជាចម្បង» ចំនួន ១១៥នាក់ នារី ៣៤នាក់, កម្ម សិក្សា ការីមន្ត្រីជាន់ខ្ពស់ ចំនួន ១៨៥នាក់ នារី ២៣នាក់, កម្មសិក្សាការីមន្ត្រីមធ្យម ចំនួន ៣០៧នាក់ នារី ៦៩នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល ចំនួន ៧៥នាក់ នារី ២៥នាក់ និងកម្មសិក្សាការីមន្ត្រីក្រមការ ចំនួន ២០នាក់ នារី ៧នាក់។
សម្រាប់ឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាលបានបើកវគ្គបណ្តុះបណ្តាលបន្តសម្រាប់ កម្ម សិក្សាការី មន្ត្រីជាន់ខ្ពស់, មន្ត្រីគ្រប់គ្រងរដ្ឋបាល, មន្ត្រីមធ្យម, មន្ត្រីក្រមការ ដែលមាន ចំនួនសរុប ៣៩៣អង្គ/នាក់ (នារី ៨២នាក់)។ បន្ថែមលើចំនួនខាងលើ សាលាភូមិន្ទរដ្ឋបាល បាននិងកំពុងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសមន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០២៣ មកពីក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២,០២៤នាក់ នារី ៨៧៩នាក់, វគ្គបណ្តុះបណ្តាលរយៈពេលខ្លី សរុបចំនួន ៦០៣នាក់ នារី ១៦៦ និងវគ្គផ្សេងៗទៀតក្នុងក្របខណ្ឌជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ គ្រឹះស្ថានបណ្តុះ បណ្តាល អន្តរជាតិ និងដៃគូអភិវឌ្ឍផងដែរ។
ក្នុងចំណោមការបណ្តុះបណ្តាលរយៈពេលខ្លីខាងលើ សាលាភូមិន្ទរដ្ឋបាលបានរៀបចំវគ្គ បណ្តុះ បណ្តាលពិសេសចំនួន៣ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានដូចជា វគ្គ បណ្តុះ បណ្តាលថ្នាក់ដឹកនាំ និងគ្រប់គ្រងនៃក្រសួង-ស្ថាប័ន (សម្រាប់តំណែងរដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង រហូតដល់ប្រធាន នាយកដ្ឋាន ឬតំណែង ប្រហាក់ប្រហែល), វគ្គបណ្តុះបណ្តាលមន្ត្រី ខុទ្ទកាល័យ របស់ក្រសួង-ស្ថាប័ន និង វគ្គ បណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត។
វគ្គបណ្តុះបណ្តាលទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការបំពេញតួនាទី និង ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលទើបចូលកាន់មុខតំណែងនៅតាម ក្រសួង ស្ថាប័ន និងការបំពេញការងារថ្មីៗ នៅដើមនីតិកាលទី៧ នៃរដ្ឋសភា៕