សម្ដេចធិបតី៖ មន្ដ្រីបម្រើរាស្ត្រ គឺប្រៀបដូចបម្រើខ្លួនឯង និងក្រុមគ្រួសារ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា មន្ដ្រីជាអ្នកបម្រើរាស្ដ្រ ហើយការបម្រើនេះ គឺប្រៀបដូចបម្រើខ្លួនឯង និងក្រុមគ្រួសារខ្លួនឯង គឺត្រូវការ ការផ្តល់សេវាសាធារណៈមួយដែលល្អប្រសើរ។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកនូវប្រសាសន៍ សម្ដេចធិបតី ហ៊ុន សែន ថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរបស់ប្រជារាស្ត្រឡើយ។
សម្ដេចបន្ដថា ជាការពិតណាស់ មន្ដ្រីមានការងារ មានឱកាស មានតួនាទី នាពេលបច្ចុប្បន្ន គឺដោយសារការគាំទ្ររបស់ប្រជាជន។
ជាមួយគ្នានេះសម្ដេចធិបតី បន្ថែមថា មន្ដ្រីគ្រប់រូប ក៏ជាប្រជារាស្ដ្រដែរ។ សម្ដេច ថា នៅពេលមន្រ្តីចូលនិវត្តន៍ទៅ ក៏ក្លាយទៅជាប្រជារាស្រ្តធម្មតាវិញ ដូច្នេះក្នុងនាមជាមន្រ្តីរាជការ ត្រូវបម្រើរាស្រ្តដូចជាកូនជាចៅរបស់ខ្លួនឯង។
សម្ដេចនាយករដ្ឋមន្ដ្រី បន្ដទៀតថា តើសង្គមជាតិរបស់យើងបច្ចុប្បន្ន និងទៅអនាគត តើត្រូវអនុវត្តបែបណា? គ្រប់គ្នាមិនចង់បានការផ្តល់សេវាសាធារណៈ ដែលតម្រូវឲ្យមានការអន្តរាគមន៍ ឬការចរចានោះទេ៕