ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី អញ្ជើញប្រកាស សមាសភាព ប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកទាំង៦ រាជធានីខេត្ត
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹក របស់រាជធានី ខេត្តចំនួន៦ រួមមាន រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ រដ្ឋាករទឹកស្ទឹងត្រែង រដ្ឋាករទឹកបាត់ដំបង រដ្ឋាករទឹកពោធិ៍សាត់ រដ្ឋាករទឹកកំពត និងរដ្ឋាករទឹក ក្រុងស្ទឹងសែន ត្រូវបានប្រកាស សមាសភាពថ្មី ដើម្បីពង្រឹងស្ថាប័ន និងការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ។
នៅក្នុងពិធីប្រកាសសមាសភាព ប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹក ទាំង៦ រាជធានីខេត្ត បានធ្វើឡើង នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយមានការអញ្ចើញចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តម ហែម វណ្ណឌី បានថ្លែងថា ការកែសម្រួល សមាសភាព លើកនេះ គឺយោង ទៅលើភាពចាំបាច់ ក្នុងការកែតម្រូវស្ថានភាព របស់ក្រុមប្រឹក្សាភិបាល ក៏ដូចជាពង្រឹង យន្តការប្រតិតុល្យការ និងភាពជាតំណាងរបស់ប្រធាន។
ឯកឧត្តម បានផ្តាំផ្ញើ ដល់ប្រធានក្រុមប្រឹក្សាភិបាលថ្មី និងប្រធាន ក្នុងតំណែង សូមបំពេញតួនាទីរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឱ្យស័ក្តិសមនឹងជំនឿទុកចិត្ត ដែលជារាជរដ្ឋាភិបាលបានប្រគល់ជូន។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួង បានថ្លែងអំណរគុណ ចំពោះប្រធាន ក្រុមប្រឹក្សាភិបាលមុន ដែលកន្លងមកបានបំពេញតួនាទីជាប្រធានក្រុមប្រឹក្សាភិបាល ប្រកបដោយការប្តេជ្ញាខ្ពស់ និងបានចូលរួមចំណែកកសាងស្ថាប័នថ្មី ក៏ដូចជាពង្រឹងស្ថាប័នដែលកំពុងមានដំណើរការស្រាប់ ឱ្យសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពគួរជាទីកត់សម្គាល់។
សមាសភាពប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹក នៃរាជធានីខេត្តទាំង៦ រួមមាន៖ ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្រ្តី ប្រតិភូអមនាយក រដ្ឋមន្រ្តី ជាប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកឧត្តម កែ គី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកខេត្តស្ទឹងត្រែង ឯកឧត្តម ទឹង ស៊ីនី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករ ទឹកបាត់ដំបង ឯកឧត្តម ស៊ឹម ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកពោធិ៍សាត់ ឯកឧត្តម ចាន់ បូរិន្ទ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យ និងនវានុវត្តន៍ ជាប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកកំពត លោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្ទឹងសែន ។
ឯកឧត្តម ឯក សុនចាន់ ប្រធាន ក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ថ្មី បាន ប្តេជ្ញាថា នឹងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រាល់គោលនយោបាយ គោលការណ៍ និងសេចក្តី ណែនាំរបស់ក្រសួ ងដើម្បីរួមចំណែកធ្វើឱ្យសម្រេច បាននូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ព្រមទាំងខិតខំរៀនសូត្រ បង្កើនសមត្ថភាពចំណេះដឹង ចំណេះធ្វើ ដើម្បីសហការដឹកនាំអង្គភាពរដ្ឋាករទឹក ឱ្យមានសមត្ថភាពធ្វើប្រតិបត្តិការ ផ្តល់សេវាទឹកស្អាតប្រកបដោយវិជ្ជាជីវៈ មានគុណភាព និងប្រសិទ្ធភាពខ្ពស់៕