រដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំក្រុមការងារចុះពិនិត្យគម្រោងសាងសង់ទំនប់សណ្ដអាងទឹកគៀនស៊ីវ និងគម្រោងស្តារប្រឡាយមេស្តៅកោង
ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម និងលោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចុះពិនិត្យគម្រោងសាងសង់ទំនប់សណ្ដអាងទឹកគៀនតាស៊ីវ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងគម្រោងស្ដារប្រឡាយមេស្តៅកោង ក្នុងខេត្តព្រៃវែង។
ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា គម្រោងសាងសង់ទំនប់សណ្តអាងទឹកគៀនតាស៊ីវ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង រួមមាន៖ ១).ជួសជុលទំនប់សណ្តប្រវែង ៣៦០០ម៉ែត្រ និង២).សាងសង់សំណង់សិល្បការ្យតូច-ធំចំនួន ៥កន្លែង ហើយគិតមកដល់ពេលនេះការងារសម្រេចបានប្រមាណ៧០%។
សូមជម្រាបថា ទំនប់អាងទឹកគៀនតាស៊ីវមានទីតាំងស្ថិតនៅឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានចម្ងាយ ២៨គីឡូម៉ែត្រ ពីទិសខាងជើងនៃទីរួមខេត្តស្វាយរៀង។ ទំនប់អាងទឹកនេះទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងនៅរដូវវស្សាទទួលប្រភពទឹកពីព្រែកបន្ទាយ មកធ្វើការស្រោចស្រពលើផ្ទៃដី បង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៦៥០ហិកតា ស្រូវប្រាំងលើកទី១ចំនួន ២១០ហិកតា ស្រូវប្រាំងលើកទី២ចំនួន ២១០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ១០ហិកតា ជូនដល់ប្រជាជនប្រមាណ ១.២៧០គ្រួសារ ក្នុងភូមិចំនួន៩ នៃឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានអញ្ជើញចុះពិនិត្យគម្រោងស្តារប្រឡាយមេស្តៅកោង ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រៃវែង ចំនួន១ខ្សែ ប្រវែង ៤.៦៥០ម៉ែត្រ និងការងារសាងសង់សំណង់សិល្បការ្យតូច-ធំចំនួន ១៤កន្លែង ហើយបើតាមឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា រហូតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៣០%។
សូមបញ្ជាក់ថា ប្រឡាយមេស្តៅកោងនេះមានទីតាំងស្ថិតនៅឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃរែង មានចម្ងាយប្រមាណ ១៥០គីឡូម៉ែត្រ ប៉ែកខាងកើតឆៀងខាងត្បូងរាធានីភ្នំពេញ។ ប្រឡាយមេនេះជាប្រឡាយចាស់មានប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងតភ្ជាប់ចរន្តទឹកពីប្រឡាយមេវ៉ៃគោ ប្រឡាយមេព្រៃចំការ អូរព្រៃឃ្នេស និងប្រឡាយមេស្ពឺ មកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៣៨០ហិកតា ស្រូវប្រាំងលើកទី ១ចំនួន ៣២០ហិកតា ស្រូវប្រាំងលើកទី២ចំនួន ៣២០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ១០ហិកតា ជូនដល់ប្រជាជនប្រមាណ ៤២០គ្រួសារ ក្នុងចំនួន ៤ភូមិ នៃឃុំស្ពឺ(ខ) និងឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវបន្តយកចិត្តទុកដាក់លើគុណភាព សោភ័ណភាព និងលក្ខណៈបច្ចេកទេស ជាពិសេសជំរុញការងារឱ្យបានទាន់ពេលវេលាសម្រាប់បងប្អូនប្រជាកសិករបានប្រើប្រាស់ក្នុងរដូវស្សានាពេលខាងមុខ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដីចុះផ្សព្វផ្សាយការប្រើប្រាស់ទំនប់អាងទឹក និងប្រឡាយមេ និងចូលរួមថែរក្សាប្រឡាយនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង ៕