ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្ដេចធិបតី និងលោកជំទាវ ប្រគល់ជូនគ្រួសារសពប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន២គ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្ដាន់
ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនគ្រួសារសពប្រជាពលរដ្ឋក្រីក្រចំនួន២សព នៅភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាលោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសពរបស់ប្រជាពលរដ្ឋទាំង២ គ្រួសារ ដែលបានទទួលមរណភាពក្នុងពេលថ្មីៗកន្លងទៅនេះ ដោយឧបទ្ទវហេតុ គឺសពទីមួយ រងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងសពទីពីរ ដែលត្រូវធ្វើបុណ្យសពនៅថ្ងៃនេះ គឺកូនបង្កើត បានកាប់សម្លាប់ឪពុកដោយគ្មានមូលហេតុ ហើយជនល្មើសត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ។ ហើយនៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយនឹងក្រុមការងារចុះមូលដ្ឋានភូមិ និងឃុំ បានគោរពនិងបួងសួង សូមឱ្យវិញ្ញាណក្ខន្ធ គាត់ទាំងពីរនាក់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលចូលរួមក្នុងពិធីបុណ្យសពនៅថ្ងៃនេះ សូមខិតខំថែរក្សាសុខភាពឱ្យបានល្អ នឹងត្រូវចូលរួមអនុវត្តនូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុង បាន ប្រគល់ ភារកិច្ច ជូន កងកម្លាំង នគរបាល ប៉ុស្តិ៍ រដ្ឋ បាល ឃុំ និង អាជ្ញា ធរ ដែន ដី ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបង្ក្រាបក្មេងទំនើង ដែលធ្វើសកម្មភាពនៅក្នុងមូលដ្ឋានឲ្យបាន ទើបធ្វើឲ្យភូមិឃុំរបស់យើង មានសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋ និងក្មួយៗទាំងអស់ សូមមេត្តាជៀសឲ្យឆ្ងាយពីគ្រឿងញៀនជាដាច់ខាត ។
នៅក្នុងពិធីបុណ្យសពនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដោយក្នុងមួយគ្រួសារសព ទទួលបានអង្ករចំនួន៥០ គីឡូក្រាម មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុងចំនួន២យួរនិងថវិកាមួយចំនួនផងដែរ ក្នុង ការ រៀបចំពិធីបុណ្យសពនៅពេលនេះ៕