អគ្គស្នងការដ្ឋាននគរបាលជាតិ បើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីការកំណត់របៀបរបបនៃការធ្វើចំណាត់ការលិខិតស្នាម ឬឯកសាររដ្ឋបាល
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងសេចក្ដីណែនាំ ស្ដីពីការកំណត់របៀបរបបនៃការធ្វើចំណាត់ការលិខិតស្នាម ឬឯកសាររដ្ឋបាល របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីអគ្គស្នងការរង, ប្រធាននាយកដ្ឋានកណ្ដាល, ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ និងប្រធានលេខាធិការដ្ឋាន។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងដើម្បីកំណត់របៀបរបប នៃការធ្វើចំណាត់ការលិខិតស្នាម ឬឯកសាររដ្ឋបាល និងដើម្បីពង្រឹងរបៀបរបបនៃការបែងចែក និងការធ្វើចរាចរណ៍លិខិតស្នាម ឬឯកសាររដ្ឋបាល នៅក្នុងក្របខណ្ឌអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យកាន់តែស៊ីចង្វាក់ និងប្រកបដោយប្រសិទ្ធភាព សំដៅឆ្លើយតបចំពោះសំណូមពរក្នុងការចង្អុលដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឡើងរាយការណ៍អំពីដំណើរការ សេចក្ដីព្រាងសេចក្ដីណែនាំនេះ ដោយបានរៀបចំឡើងជាពីរជម្រើស ដាក់ជូននាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងអង្គពិធីដើម្បីចូលរួមជាមតិយោបល់ផងដែរ។
នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា កន្លងទៅនេះរបៀបរបប នៃការធ្វើចំណាត់ការលិខិតស្នាម ឬឯកសាររដ្ឋបាលនានា ហាក់នៅមានចន្លោះប្រហោងដោយអន្លើរ ដូច្នេះហើយតាមរយៈសេចក្ដីព្រាងសេចក្ដីណែនាំនេះ នឹងក្លាយជាយន្ដការថ្មីមួយច្បាស់លាស់ និងរបៀបរបបទៅតាមឋាននុក្រម ក្នុងការចាត់ចែងលិខិតស្នាមនានា។ លើសពីនេះ សំដៅពង្រឹងដល់ប្រសិទ្ធភាព នៃការអនុវត្តតួនាទី ភារកិច្ចផងដែរ។