លោក ម៉ាង ស៊ីណេត ចុះពិនិត្យការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលាមត្តេយ្យសិក្សាធនធានព្រៃនប់ ដើម្បីចូលរួមប្រឡងប្រណាំងអង្គភាពបំរើសេវាសាធារណៈគំរូសម្រាប់ឆ្នាំ២០២៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុស្តីទី បានអញ្ជើញចុះពិនិត្យការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលាមត្តេយ្យសិក្សាធនធានព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីចូលរួមប្រឡងប្រណាំងអង្គភាពបំរើសេវាសាធារណៈគំរូសម្រាប់ឆ្នាំ២០២៤។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា សាលាមត្តេយ្យសិក្សាធនធានព្រៃនប់ ត្រូវបានជ្រើសរើសជាសាលាចូលរួមប្រឡងប្រណាំងអង្គភាពបំរើសេវាសាធាណៈគំរូ ក្នុងចំណោមសាលាមត្តេយ្យចំនួន៣ នៅក្នុងខេត្តព្រះសីហនុ ដែលមានដូចជា សាលាមត្តេយ្យសិក្សាក្រុងព្រះសីហនុ សាលាមត្តេយ្យសិក្សាធនធានព្រៃនប់ និងសាលាមត្តេយស្រុកស្ទឹងហាវ។ ដោយឡែកសាលាមត្តេយ្យសិក្សាធនធានព្រៃនប់ មាន ៤បន្ទប់ មានគ្រូសរុបចំនួន ៥នាក់ មានសិស្សានុសិស្សសរុបចំនួន ១៤៧នាក់ ស្រី ៦៩នាក់ ហើយការប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤នេះ ខេត្តព្រះសីហនុ មានសាលាមត្តេយ្យសិក្សាចំនួន ៣សាលា យើងធ្វើការជ្រើសរើសថ្នាក់ខេត្តយកចំនួនពីរសាលា ដើម្បីធ្វើការចូលរួមប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណ:គំរូសម្រាប់ឆ្នាំ២០២៤ ជាមួយសាលាមត្តេយ្យនៅទូទាំងប្រទេស។
លោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី បានធ្វើការណែនាំដល់នាយិកាសាលាមត្តេយ្យសិក្សាធនធានព្រៃនប់ ក៏ដូចជាប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ក្នុងការប្រឡងប្រណាំងអង្គភាពបំរើសេវាសាធាណៈគំរូ ត្រូវធ្វើការអភិវឌ្ឍសាលាឱ្យមានបរិស្ថាន អនាម័យ សាកសម្យជាសាលាមេត្រីបរិស្ថាន ទន្ទឹមនោះយើងត្រូវរៀបចំសួនច្បារ ទោងក្មេងលេង និងកន្លែងលេងកម្សាន្តផ្សេងៗទៀត ពិសេសធ្វើការដាំដុះដើមឈើនៅក្នុងបរិវេណសាលាឱ្យមានពណ៌បៃតង ស្រស់ស្អាតគ្រប់រដូវកាល ទន្ទឹមនឹងបរិស្ថាន អនាម័យល្អ គួបផ្សំនឹងឆន្ទះរបស់អ្នកគ្រូដែលបានខិតខំជួយបណ្តុះបណ្តាលវិជ្ចាជីវៈ អប់រំដល់សិស្សានុសិស្សរបស់យើងនូវក្រមសីលធម៌ សុជីវធម៌ទទួលបានលទ្ធផលផ្លែផ្កាជាទីមោទនៈ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តស្តីទី ក៏បានធ្វើការណែនាំឱ្យរៀបចំក្លោងទ្វាមត្តេយ្យសិក្សាធនធានព្រៃនប់ ទីធ្លាសាលាឱ្យមានសោភ័ណភាព អនាម័យ បរិស្ថានល្អសម្រាប់សិស្សានុសិស្សក្នុងការសិក្សារៀនសូត្រ និងលេងកម្សាន្តឱ្យកាន់តែល្អបន្ថែមទៀតក្នុងការចូលរួមប្រឡងប្រណាំងអង្គភាពបំរើសេវាសាធារណៈគំរូនៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៤ ស្របតាមសូចនាករធំៗចំនួន៣ មានដូចជា សូចនាករគោល៨ សួចនាករវិនិច្ឆ័យរងចំនួន២២ និងសូចនាករលម្អិត១២៣ ៕