ឥណ្ឌូនេស៊ី សន្យាបង្កើនជំនួយដល់ទីភ្នាក់ងារ UNRWA និងបញ្ជូនក្រុមគ្រូពេទ្យបន្ថែមទៅហ្គាហ្សា
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូនេស៊ី លោក Prabowo Subianto បានសន្យាថា នឹងបង្កើនការចូលរួមចំណែកដល់ទីភ្នាក់ងារប៉ាឡេស្ទីន របស់អង្គការសហប្រជាជាតិ (UNRWA) និងបញ្ជូនក្រុមគ្រូពេទ្យបន្ថែមទៀតទៅកាន់តំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
ថ្លែងក្នុងសន្និសីទជំនួយអន្តរជាតិស្តីពីហ្គាហ្សា នៅប្រទេសហ្ស៊កដានីកាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក Prabowo Subianto បានឲ្យដឹងថា គ្រោះមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាត្រូវតែដោះស្រាយជាបន្ទាន់។ លោកបានប្តេជ្ញាបង្កើនការចូលរួមចំណែកដល់ UNRWA និងផ្តល់ជំនួយមនុស្សធម៌ផ្សេងទៀត រួមទាំងការបញ្ជូនក្រុមគ្រូពេទ្យ និងមន្ទីរពេទ្យចល័តទៅកាន់តំបន់ហ្គាហ្សា។
លោក Prabowo Subianto ក៏បានបញ្ជាក់ថា ឥណ្ឌូនេស៊ីមានឆន្ទៈក្នុងការជម្លៀសអ្នកជំងឺចំនួន ១,០០០នាក់ ដើម្បីទទួលការព្យាបាលនៅមន្ទីរពេទ្យឥណ្ឌូនេស៊ី ក៏ដូចជាកុមារ និងក្មេងកំព្រា សម្រាប់ការព្យាបាល និងការសិក្សាក្រោយការប៉ះទង្គិចផ្លូវចិត្ត ហើយនឹងបញ្ជូនពួកគេទាំងអស់ត្រឡប់ទៅហ្គាហ្សាវិញ នៅពេលដែលស្ថានការណ៍មានស្ថារភាព។
លើសពីនេះទៀត ប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូនេស៊ី ក៏បានបង្ហាញការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរ និងបានប្តេជ្ញាចិត្តធ្វើការជាមួយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដើម្បីសម្រេចបាននូវបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងសន្តិភាពយូរអង្វែងនៅក្នុងប៉ាឡេស្ទីនផងដែរ។