នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ជោគជ័យធំ គឺកើតចេញពីជោគជ័យតូចៗជាច្រើនផ្គុំគ្នា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជោគជ័យធំ គឺកើតចេញពីជោគជ័យតូចៗជាច្រើនផ្គុំគ្នា។ សូម្បីតែសម្តេចរៀនរហូតដល់ថ្នាក់បណ្ឌិត ក៏ចាប់ផ្ដើមពីរៀនបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យដូចគ្នាដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៤០នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចជួប និងឃើញ មនុស្សជាច្រើន ឆាប់បោះបង់ពេក ទាំងការរៀនសូត្រ ការងារ និងរកស៊ី។ ឧទាហរណ៍ យើងរៀននៅមហាវិទ្យាល័យ បើយើងប្រឡងធ្លាក់មួយមុខវិជ្ជា គឺយើងមិនអាចបោះបង់ការសិក្សាទាំងស្រុងនោះទេ។ សម្ដេចធិបតី បានបន្តថា ការអំណត់ តស៊ូ ព្យាយាម នឹងធ្វើឱ្យយើងរីកចម្រើន។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានរម្លឹកថា ដោយសារធនធានមនុស្សយើងមានសមត្ថភាព នាអំឡុងពេលវិបត្តិកូវីដ-១៩ យើងមានគ្រូពេទ្យ (ទ័ពអាវស) ទើបយើងអាចជួយដោះស្រាយបញ្ហាកាលនោះបានទាន់ពេលវេលា និងអាចគ្រប់គ្រងម្ចាស់ការខ្លួនឯងបាន។ ពីព្រោះក្នុងកាលទេសនោះ គឺយើងមិនអាចទៅពឹងគ្រូពេទ្យពីប្រទេសដទៃបានទេ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ធនធានមនុស្សរបស់យើង គឺត្រូវធ្វើជាធនធានមនុស្សរស់រវើក កុំធ្វើជាមនុស្សទឹកកក។ មានតែធនធានមនុស្សដែលរស់រវើកទេ ទើបអាច ចែករំលែកឱ្យគ្នាទៅវិញទៅមកនៅកន្លែងការងារនីមួយៗ ហើយធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើនទៅបាន ៕