ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំពិនិត្យ និងអនុម័តប្រព័ន្ធ CISIS-WAT4CAM នៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ដំណាក់កាលទី១
ភ្នំពេញ៖ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សា និងអនុម័តដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានប្រព័ន្ធធារាសាស្ត្រប្រទេសកម្ពុជា CISIS-WAT4CAM នៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ដំណាក់កាលទី១។
សូមជម្រាបថា កិច្ចប្រជុំនេះរៀបចំដោយ PMU-WAT4CAM សហការគាំទ្រដោយទីប្រឹក្សាបច្ចេកទេស TA-ISWM-WAT4CAM ដំណាក់កាលទី១ និងមានការចូលរួមពីឯកឧត្តមនាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា(WAT4CAM) ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយក អគ្គនាយករង លោក ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តគោលដៅទាំង៥។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កិច្ចប្រជុំគឺមានគោលបំណង ដើម្បីពិនិត្យ និងអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធ CISIS ដែលជាលទ្ធផលនៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា(WAT4CAM) ដំណាក់កាលទី១ ក្រោយពីបានរៀបចំធ្វើទំនើបកម្ម និងដំណើរ ការសាកល្បងលើខេត្តគោលដៅរបស់កម្មវិធី។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រព័ន្ធទិន្នន័យប្រព័ន្ធធារាសាស្ត្រនេះ មានភាពចាំបាច់ និងមានសារសំខាន់ណាស់ សម្រាប់ការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ នៅកម្ពុជាឱ្យមានប្រសិទ្ធភាព។
ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា កន្លងមក ក្រសួងមានទិន្នន័យ (database) របស់ CISIS ដែលគ្រប់គ្រងដោយនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ តែប្រព័ន្ធទិន្នន័យនេះនៅមានកម្រិត និងតម្រូវឱ្យមានការធ្វើបច្ចុប្បន្នកម្ម និងទំនើបកម្ម ដើម្បីបង្កើនមុខងារ និងការប្រើប្រាស់ឱ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងឥណទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៨ និងក្នុងក្របខ័ណ្ឌកម្មវិធី WAT4CAM ដំណាក់កាលទី១ បានកំណត់ឱ្យមានការគាំទ្រដល់ការធ្វើបច្ចុប្បន្នកម្ម និងទំនើបកម្មប្រព័ន្ធCISIS ដែលកិច្ចប្រជុំកំពុងពិនិត្យ និងអនុម័តនូវម៉ូដែល CISIS-WAT4CAM ដែលបានស្នើឡើងដោយទីប្រឹក្សាបច្ចេកទេស TA-ISWM-WAT4CAM ដំណាក់កាលទី១ នាពេលនេះ ៕