មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ចែករំលែកបទពិសោធន៍ និងភាពជោគជ័យនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់សិក្ខាកាមជាន់ខ្ពស់ វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំបាឋកថា ស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និង ទស្សនកិច្ចសិក្សាស្វែងយល់អំពី FMIS ជូនសិក្ខាកាមជាន់ខ្ពស់នៃវគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជំនាន់ទី៦ ក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក (World Bank) ដោយមានសាលាភូមិន្ទរដ្ឋបាល ជាអង្គភាពប្រតិបត្តិ។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីសិក្ខាកាមជាន់ខ្ពស់ ដែលមានមុខតំណែងចាប់ពីប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ អភិបាលក្រុង ស្រុក អភិបាលរងរាជធានីខេត្ត ឬមុខតំណែងប្រហាក់ប្រហែលសរុបប្រមាណជិត ១០០រូប។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានលើកឡើងពីទិដ្ឋភាពជារួមនៃសាវតារ និងវត្តមានរបស់ FMIS នៅកម្ពុជា ដែលជាប្រព័ន្ធបែបឌីជីថលូបនីយកម្ម ដែលមានលក្ខណៈមជ្ឈការសម្រាប់ប្រើប្រាស់បែបវិមជ្ឈការនៅតាមការដ្ឋាននានា ដើម្បីបង្កើននូវគណនេយ្យភាព, តម្លាភាព, សង្គតិភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយអនុលោមទៅតាមស្ដង់ដាឧត្តមានុវត្តន៍អន្តរជាតិ (International Best Practice)។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងដៃគូអភិវឌ្ឍន៍ បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ថា FMIS គឺជាកម្លាំងចលករ និងជាឆ្អឹងខ្នងដ៏សំខាន់មួយ ដែលបានកកើតឡើងតាំងពីជំហានទី១ ក្នុងឆ្នាំ២០១៥ និងស្ថិតក្នុងដំណាក់កាលទី២ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីប្រើប្រាស់ជាឧបករណ៍គាំទ្រដ៏សំខាន់ សម្រាប់គាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលទី៤ គឺ «គណនេយ្យភាពសមិទ្ធកម្ម»។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា អស់រយៈពេលជិត ១០ឆ្នាំកន្លងមកនេះ បើទោះបីជាការដាក់ឱ្យប្រើប្រាស់ FMIS ត្រូវបានធ្វើឡើងជាជំហានៗក៏ដោយ ប៉ុន្តែគោលដៅចុងក្រោយតាមជំហាននីមួយៗ ពិតជាសម្រេចបានជោគជ័យ តាមផែនការជាសារវន្ត និងមានគោលដៅមួយចំនួន សម្រេចបានលើសផែនការដែលគ្រោងទុកក៏មាន។
ជាមួយនេះការគ្រប់គ្រងការផ្លាស់ប្តូរ និងការលះបង់ គឺជាក្រឹត្យក្រមដែលគ្រប់ប្រទេស នៅលើសាកលលោកត្រូវជួបប្រទះ មិនថាប្រទេសអភិវឌ្ឍន៍ ឬប្រទេសកំពុងអភិវឌ្ឍន៍ ឱ្យតែត្រូវធ្វើការផ្លាស់ប្តូរ ទៅប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺជៀសមិនផុតនោះឡើយ។ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើ គឺប្រែក្លាយបញ្ហាប្រឈមនេះ ឱ្យទៅជាកាលានុវត្តភាព សម្រាប់អភិវឌ្ឍជំនាញថ្មី និងបង្កើនប្រសិទ្ធភាពការងាររបស់អង្គភាពខ្លួនវិញ ដើម្បីដើរឱ្យទាន់តាមការវិវត្តនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងការអភិវឌ្ឍស្ថាប័នខ្លួន សំដៅឆ្លើយតបទៅនឹងបដិវត្តឧស្សហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមពីសមិទ្ធផល ដែលទទួលបានពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរួមមាន៖ សម្រេចបាននូវសមិទ្ធផលសំខាន់ៗចំនួន ៣ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺ៖ ១.ការពង្រឹងវិន័យថវិកា, ២.បង្កើនប្រសិទ្ធភាពវិភាជន៍ថវិកា និង៣.បង្កើនប្រសិទ្ធភាពនៃផ្តល់សេវាសាធារណៈ, កសាងបាននូវមូលដ្ឋានក្នុងការវាស់វែងដ៏ប្រចក្ស លើដំណើរអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការមកទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ ពីបណ្តាប្រទេសមួយចំនួន រួមមាន ប្រទេស Madagascar, ប្រទេសឡាវ និងប្រទេសវៀតណាម។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមទៀតថា កត្តាសំខាន់បំផុតសម្រាប់ភាពជោគជ័យ នៃការអនុវត្តគម្រោង គឺភាពជាអ្នកដឹកនាំ ព្រោះអ្នកដឹកនាំជាអ្នកកំណត់ នូវភាពរីកចម្រើននៃសមត្ថភាព, សុខដុមនីយភាព, សាមគ្គីភាព និងវិបុលភាពរបស់ស្ថាប័ន ជាពិសេសកំណត់នូវចក្ខុវិស័យដែលជាកត្តាចាំបាច់បំផុតក្នុងការបង្ហាញឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាក់ស្តែងក្រុមការងារត្រូវដឹងពីការចាប់ផ្តើម និងគោលដៅចុងក្រោយនៃបេសកកម្ម ព្រមទាំងកិច្ចសហការជាស្មារតីក្រុម ដែលជាកត្តាសំខាន់នៃភាពជោគជ័យ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់កិច្ចពិភាក្សាដែលបានបើកឱកាសឱ្យសិក្ខាកាម ចូលរួមសាកសួរដើម្បីដកស្រង់បទពិសោធន៍ល្អៗ និងបញ្ហាប្រឈមនានា ក្នុងការដឹកនាំគម្រោង FMIS តាំងពីជំហានទី១ រហូតដល់ជំហានទី៣ ព្រមទាំងបានវាយតម្លៃខ្ពស់ដល់សាលាភូមិន្ទរដ្ឋបាល ដែលតែងតែសហការ និងចូលរួមក្នុងការស្វែងយល់ពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តសម្របសម្រួលដល់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពាក់ព័ន្ធក្នុងការដឹកនាំដំណើរទស្សនកិច្ចសិក្សាទៅកាន់ ទីតាំងផ្ទាល់នៅមជ្ឈមណ្ឌលទិន្នន័យរបស់ FMIS, អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង អគ្គនាយកដ្ឋានថវិកា ៕