ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយប្រធានការិយាល័យសកម្មភាពនិយោជករបស់ILO
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Deborah FRANCE-MASSIN ប្រធានការិយាល័យសកម្មភាពនិយោជក (ACT/EMP) នៃអង្គការអន្តរជាតិខាងការងារកាលពីរសៀលម៉ោង៣:៣០នាទី ថ្ងៃទី១២ ខែមិថុនាម្សិលមិញម៉ោងនៅប្រទេសស្វីស។ នេះជាជំនួបដែលបានធ្វើឡើងក្នុងអំឡុងពេលដែលឯកឧត្តមរដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីការជួយបណ្តុះបណ្តាលនិងការពង្រឹងសមត្ថភាពដល់សហព័ន្ធនិយោជកកម្ពុជាកាលពីពេលកន្លងទៅ ដែលបានរួមចំណែកធ្វើឱ្យនិយោជកកម្ពុជាកាន់តែមានសមត្ថភាពខ្ពស់មួយកម្រិតបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីមហិច្ឆតារបស់កម្ពុជាដែលចង់បាននូវការវិនិយោគ លើឧស្សាហកម្មដែលមានតម្លៃបន្ថែមដូចជាគ្រឿងយន្ត គ្រឿងម៉ាស៊ីន និងគ្រឿងបង្គុំជាដើម ខណៈដែលកម្ពុជាបានដាក់ចេញនូវគោលនយោបាយនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអះអាងដែរថា ទន្ទឹមនឹងតម្រូវការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ កម្ពុជាក៏បាននិងកំពុងបង្កើតការងារសមរម្យសម្រាប់ប្រជាពលរដ្ឋផងដែរ ដែលសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពលក្ខខណ្ឌស្តង់ដាការងារតាមរយៈការទទួលស្គាល់នៃអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារជាដើម។
ត្រង់ចំណុចនេះ លោកស្រី Deborah FRANCE-MASSIN បានវាយតម្លៃខ្ពស់ចំពោះការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី អំពីភាពចាំបាច់នៃគម្លាតរវាងកម្មករនិយោជិត និងនិយោជកដែលជាចំណុចសំខាន់ក្នុងការបង្កើតបរិយាកាសការងារឱ្យល្អប្រសើរ ហើយលោកស្រីប្រធាន បានគូសបញ្ជាក់ថាភាគីលោកស្រី និងកម្មករនិយោជិតនឹងត្រូវតែធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិកាដើម្បីបង្កើតឱ្យបាននូវទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយភាពសុខសាន្ត។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណការិយាល័យសកម្មភាពវិនិយោគរបស់Iអង្គការILOចំពោះការចូលរួមគាំទ្រលើការអនុវត្តឱ្យជោគជ័យសម្រាប់ភាពសុខសាន្តក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ៕