រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន Future Focus Solutions និងក្រុមហ៊ុន Global Doctors Group និង Global Healthcare SG
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន Future Focus Solutions និងក្រុមហ៊ុន Global Doctors Group និង Global Healthcare SG។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូក្រុមហ៊ុន Future Focus Solutions និងក្រុមហ៊ុន Global Doctors Group និង Global Healthcare SG និងក្រុមការងារ។ គណៈប្រតិភូបានបង្ហាញអំពីគោលបំណងគម្រោងសហការ និងធ្វើការសិក្សាស្វែងយល់ពីសេវាសង្គ្រោះបន្ទាន់ ដែលនឹងរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាល ក្នុងប្រទេសកម្ពុជា។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់គណៈប្រតិភូ និងសូមស្វាគមន៍ចំពោះកិច្ចសហការបន្ថែមលើភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន (Public Private Partnership, PPP) និងស្វែងយល់អំពីឱកាសក្នុងការអភិវឌ្ឍន៍បន្ថែមហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យសុខាភិបាលកម្ពុជា សំដៅការលើកកម្ពស់សុខុមាលភាព ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕