រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យមរតក ម៉ែន សាអ៊ុន ហង់ជួន ក្រពើហា ក្នុងពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ខេត្តកណ្តាល
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រី ក្រោមឱវាទ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បណ្ណាល័យ មរតក ម៉ែន សាអ៊ុន ហង់ជួន ក្រពើហា នៅក្នុងពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ខេត្តកណ្តាល និងមានការចូលរួមសំណាក់ ព្រះឧត្តមមុនី ព្រះមេគណខេត្តកណ្តាល ព្រះសិរីវិសុទ្ធ ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ឯកឧត្តម លោកជំទាវ គណៈអធិបតី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៥៤៩អង្គ/នាក់។
មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថាបណ្ណាល័យថ្មីនេះ នឹងចូលរួមចំណែកបង្កលក្ខណៈកាន់តែអំណោយផលដល់សមនសិស្ស ក៏ដូចជាសិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្របង្កើនចំណេះវិជ្ជា ចំណេះដឹង ទាំងខាងផ្នែកពុទ្ធសាសនា និងអាណាចក្រ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពី សារៈសំខាន់របស់ព្រះពុទ្ធសាសនាក្នុងវិស័យអប់រំ ដែលមិនត្រឹមតែជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ តែក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្ដាលធនធានមនុស្សឱ្យទទួលបាន ទាំងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងសីលធម៌ ដើម្បីឱ្យប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព។
ជាមួយនេះដែរក៏បានរំលឹកពីដើមកំណើតនៃព្រះពុទ្ធសាសនានៅកម្ពុជា ដែលមានតាំងពីសម័យបូរាណរៀងមក ពិសេសគឺជំនាន់អង្គរដែលអរិយធម៌ខ្មែរឈានដល់កំពូល គឺក្នុងរជ្ជកាលជ័យវរ្ម័នទី៧ ដែលជាព្រះមហាក្សត្រទីមួយដែលគោរពព្រះពុទ្ធសាសនា ហើយបានឧទ្ទិសប្រាសាទអង្គដល់ព្រះពុទ្ធសាសនាមហាយាន ហើយទីតាំងប្រាសាទមួយចំនួន បានក្លាយជាសាកលវិទ្យាបណ្តុះបណ្ដាលអ្នកប្រាជ្ញាផងដែរ ។ ក្នុងសម័យនេះហើយដែលកម្ពុជាចាប់ផ្តើមប្រើប្រាស់ភាសាបាលី ជាភាសាយាន ជាហេតុធ្វើឱ្យភាសាខ្មែរ មានលក្ខណៈពិសេសដោយប្រើរួមបញ្ចូលគ្នារវាង ភាសាខ្មែរចាស់ ភាសាសស្ក្រឹត និងភាសាបាលី ដូចដែលបានឃើញចារលើសិលាចារិកនៅប្រាង្គប្រាសាទជាតឹកតាង ។
នៅដើមសតវត្សទី ២០ កម្ពុជាបានចាប់ផ្តើមធ្វើកំណែទម្រង់សាលារៀន ខណៈសាលាភាគច្រើននៅក្នុងបរិវេណវត្តអារាម មានព្រះសង្ឃជាគ្រូបង្រៀន ហើយការធ្វើកំណែទម្រង់ ឬទំនើបកម្មប្រព័ន្ធអប់រំ គឺចាប់ផ្តើមពីទំនើបកម្មសាលាវត្ត ដោយបញ្ចូលវិធីសិក្សាតាមបែបទំនើប រួមមាន គណិតវិទ្យា និងរូបវិទ្យាជាដើម បន្ថែមពីលើការរៀនសូត្រពីព្រះពុទ្ធសាសនា។ សាលាវត្តនៅតែដើរតួនាទី សំខាន់ក្នុងការបណ្តុះបណ្ដាលធនធានមនុស្ស រហូតដល់ទស្សវត្សទី ៦០ ទើបការធ្វើទំនើបកម្មប្រព័ន្ធអប់រំត្រូវបានបញ្ចប់។
មកទល់បច្ចុប្បន្ននេះ ព្រះពុទ្ធសាសនានៅតែជាសាសនាមួយ ដែលទ្រទ្រង់ប្រព័ន្ធអប់រំនៅកម្ពុជា ដោយ ប្រព័ន្ធអប់រំតាមបែបព្រះពុទ្ធសាសនា តាមរយៈសាលារៀនវត្តអារាម មានកម្មវិធីសិក្សាគ្រប់កម្រិត បានផ្តល់ឱកាសដល់គ្រួសារនៅតាមទីជនបទ ដែលខ្វះខាតលទ្ធភាពបញ្ជូនកូនទៅរៀនសាលារដ្ឋ អាចឱ្យកូនសិក្សានៅវត្ត ដើម្បីទទួលបានឱកាសសិក្សារៀនសូត្រពង្រីកចំណេះដឹងពង្រឹងសមត្ថភាពទាំងខាងផ្នែកពុទ្ធិចក្រ និងអាណាចក្រឈានទៅចាប់យកអនាគតដ៏ភ្លឺស្វាង។
បណ្ណាល័យ មរតក ម៉ែន សាអ៊ុន ហង់ជួន ក្រពើហា ត្រូវបានកសាងដើម្បីរំលឹកដល់អ្នកមានគុណទាំងពីររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងក្នុងគោលដៅរួមចំណែកលើកកម្ពស់វិស័យអប់រំផ្សារភ្ជាប់នឹងពុទ្ធសាសនា ក៏ដូចជាផ្តល់ឱកាសដល់ព្រះសមនសិស្ស និងសិស្សានុសិស្សទូទៅអាចចូលអានសៀវភៅ ក្រេបជញ្ជក់ចំណេះដឹង ធ្វើស្វ័យសិក្សាដើម្បីប្រែក្លាយជាពលរដ្ឋកម្ពុជា ប្រកបដោយសក្តានុពលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ៕