ឯកឧត្តម ផៃ ប៊ុនឈឿន៖ ក្រុមប្រឹក្សាអាណត្តិទី៣ គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងពលរដ្ឋខេត្តស្ទឹងត្រែង បានរួមសាមគ្គីគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម កសាង និងអភិវឌ្ឍន៍ខេត្ត ឲ្យរីកចម្រើនលើគ្រប់វិស័យ
ភ្នំពេញ៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានលើកឡើងថា បើផ្អែកតាមមតិស្វាគមន៍ និងរបាយការណ៍របស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានបង្ហាញឱ្យឃើញថា ក្រុមប្រឹក្សាអាណត្តិទី៣ គណៈអភិបាលខេត្តស្ទឹងត្រែង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង បានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត ឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។
ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ ចំនួន ១៧រូប នាថ្ងៃទី១៤ មិថុនានេះ ឯកឧត្តម ផៃ ប៊ុនឈឿន បានសម្តែងនូវអំណរគុណចំពោះវត្តមានដ៏ថ្លៃថ្លារបស់ គណៈអធិបតី ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញមកចូលរួមក្នុងពិធីប្រកាស ចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ ដោយអនុលោមតាមមាត្រា៦២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់។
ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ប៊ុនឈឿន បានចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ដែលត្រូវបានតំណាង ប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុម ប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ ដើម្បីបន្តដឹកនាំខេត្តស្ទឹងត្រែង សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
ក្នុងនាមជាសមាជិក សមាជិកា ក្រុមប្រឹក្សាដែលជាប់ឆ្នោត ទោះបីជា ឯកឧត្តម លោកជំទាវ មានសមាសភាព មកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្តែតាមគោលការណ៍ច្បាប់រៀបចំអង្គការបានកំណត់ថា ក្រុមប្រឹក្សា គឺជាតំណាងឱ្យ ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងមូល។
លើសពីនេះ ទោះបីជាក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវ បានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក៏ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគឺ ជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខ័ណ្ឌដែលកំណត់ដោយច្បាប់ លិខិត បទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហេតុនេះ ក្នុងការអនុវត្តការងារ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់ និន្នាការនយោបាយណាមួយនោះឡើយ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ផៃ ប៊ុនឈឿន បានបញ្ជាក់ថា «បើផ្អែកតាមមតិស្វាគមន៍ និងរបាយការណ៍របស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានបង្ហាញឱ្យឃើញថា ក្រុមប្រឹក្សាអាណត្តិទី៣ គណៈអភិបាលខេត្តស្ទឹងត្រែង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង បានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត ឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវារដ្ឋបាល និងសេវាសា ធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាតកាចសាហាវ ពិសេសជំងឺកូវីដ-១៩ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមការពារ និងថែរក្សាសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ កាលពី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរដោយគ្មានអំពើហិង្សា និងការគំរាមកំហែងណាមួយកើតឡើងឡើយស្របតាមច្បាប់បោះឆ្នោត និងបទបញ្ជានីតិវិធី នៃការបោះឆ្នោត» ៕