ឯកឧត្តម ផៃ ប៊ុនឈឿន៖ សមិទ្ធផល និងស្នាដៃខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង សម្រេចបាននាពេលកន្លងមក ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស
ភ្នំពេញ៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានថ្លែងថា សមិទ្ធផល និងស្នាដៃខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង សម្រេចបាននាពេលកន្លងមក ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យកម្ពុជាយើងដើរតួនាទីកាន់តែសកម្មក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ ចំនួន ១៧រូប នាថ្ងៃទី១៤ មិថុនានេះ ឯកឧត្តម ផៃ ប៊ុនឈឿន បានមានប្រសាសន៍ថា ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ ប្រទេសកម្ពុជាយើងបានរៀបចំការបោះឆ្នោតតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងការបោះឆ្នោតសកល និងអសកលយ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត សរុបចំនួន២០ដងរួចមកហើយ ដែលការណ៍នេះបានបង្ហាញយ៉ាង ច្បាស់អំពីការចាក់គ្រឹះយ៉ាងរឹងមាំនូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ពី ការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ព្រមទាំងបង្ហាញពីភាពចាស់ទុំខាងផ្នែកនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំរដ្ឋ និងការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងគណបក្សនយោបាយទាំងអស់ផងដែរ។ ដែលធានាបាននូវស្ថិរភាពនយោបាយ និងសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើនសំដៅឆ្ពោះសម្រេចបាននូវចក្ខុវិស័យប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជា ពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។
ដោយឡែក ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគ្រប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ តាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ លើកទី១ ឆ្នាំ២០០២ មកទល់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បច្ចុប្បន្ននេះ ប្រទេសយើងបានរៀបចំ ការបោះឆ្នោតនៅថ្នាក់ក្រោមជាតិចំនួន ៩លើករួចមកហើយ។ ទន្ទឹមនេះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងមក ក៏ត្រូវបានវាយតម្លៃថាមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយលទ្ធផលនៃការ បោះឆ្នោត ក៏ត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយនានាដែលបានចូលរួមក្នុងការបោះឆ្នោតនេះ ផងដែរ។ ផ្អែកតាមលទ្ធផលជាផ្លូវការ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានចំនួនសរុប ៤២០០រូប ក្នុងនោះ ក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន ៥៥៩រូប និងក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ មានចំនួន ៣៦៤១រូប។ ដោយឡែក សម្រាប់រដ្ឋបាលខេត្តស្ទឹងត្រែង មានចំនួនក្រុមប្រឹក្សាចំនួន ១៧នាក់ ដែលត្រូវប្រកាសឱ្យចូល កាន់តំណែងនាឱកាសដ៏ថ្លៃថ្លានេះ ៕