ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះចៅអធិការវត្តហរិរក្សរាជនី ហៅវត្តវាំងចាស់ ដែលតែងតាំងថ្មី
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះចៅអធិការវត្តហរិរក្សរាជិនី(ហៅវត្តវាំងចាស់) ដែលទើបត្រូវបានតែងតាំងថ្មី នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។
ពិធីនេះប្រារព្ធឡើងក្នុងបរិវេណវត្តហរិរក្សរាជនី(ហៅវត្តវាំងចាស់) ស្ថិតក្នុងភូមិវាំងចាស់ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដោយមានការយាងនិមន្តចូលរួមពីសម្តេចព្រះសង្ឃនាយកស្តីទី សម្តេចព្រះសង្ឃនាយករងទី២ ទី៣ ព្រះអគ្គាធិការរង ប្រធានពុទ្ធមណ្ឌលវិបស្សនាកម្ពុជា ព្រះមេគណខេត្តកំពង់ស្ពឺ គណៈសង្ឃនាយក អនុគណក្រុងឧដុង្គម៉ែជ័យ និងនាយករងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ព្រមទាំងមានការអញ្ជើញចូលរួម ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រតិភូអមដំណើរ ថ្នាក់ដឹកនាំខេត្ត មន្ទីរជុំវិញខេត្ត ក្រុមការងាររាជរដ្ឋាភិបាល សប្បុរសជន និងប្រជាពលរដ្ឋចំណុះជើងវត្ត។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរ ជាមួយព្រះសង្ឃគ្រប់ព្រះអង្គដែលគង់នៅទីអារាមវត្តនេះ ជាពិសេស ព្រះឥន្ទសិរីវង្ស តាត វិបុល ដែលត្រូវបានតែងតាំងជាព្រះចៅអធិការថ្មីនៃវត្តហរិរក្សរាជនី ហៅវត្តរាំងចាស់ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលទទួលបានព្រះចៅអធិការថ្មី ដើម្បីបន្តដឹកនាំ កសាង និងអភិវឌ្ឍទីវត្តនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត សម្រាប់ពុទ្ធបរិស័ទគោរពបូជា និងជាទីសក្ការៈ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ជូនទៅដល់កម្មវិធីពីតួនាទីយ៉ាងសំខាន់របស់ព្រះពុទ្ធសាសនា ក្នុងសង្គមខ្មែរ ជាពិសេសការលើកកម្ពស់ការអប់រំចរិយាធម៌ និងសីលធម៌ដល់ប្រជាពលរដ្ឋ ដែលជាពុទ្ធសាសនិកគ្រប់រូប រួមចំណែកក្នុងការធានានូវភាពសុខសាន និងភាពសុខដុមនៃសង្គមផងដែរ។
ជាក់ស្តែង វត្តវាំងចាស់ដែលមានអាយុកាល១៧០ឆ្នាំ និងមានផ្ទុកទៅដោយគម្ពីរ ដីកា ទាំងភាសាបាលី និងសម្រាយ ជាកន្លែងសាបព្រោះចំណេះដឹង ព្រះពុទ្ធសាសនា ចងវេញជាធ្លុងសាមគ្គីភាពរបស់ប្រជាជាតិខ្មែរ ដើម្បីចូលរួមចំណែកការពារ អភិរក្ស វប្បធម៌ ប្រពៃណី អក្សរសាស្ត្រ អត្តសញ្ញាណជាតិ និងបុព្វហេតុសង្គមជាតិ គ្រប់ៗជំនាន់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៅកាន់កម្មវិធីថា សមិទ្ធផលដែលយើងទាំងអស់គ្នាមើលឃើញនាបច្ចុប្បន្ន មិនអាចកើតឡើង ដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ និងការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសន្តិភាព និងស្ថិរភាព ដូចពេលនេះ ក្នុងការធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលបានផ្តល់ឱកាសឱ្យ យើងទាំងអស់គ្នាបានជួបជុំធ្វើបុណ្យរួមគ្នា និងប្រមូលបច្ច័យពីគ្រប់ទិសទីមកកសាងសមិទ្ធផល នានាជាច្រើនឱ្យចេញជារូបរាងសម្រាប់បម្រើឱ្យព្រះពុទ្ធសាសនា ដូចពេលនេះ៕