ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញបិទការប្រកួតតេក្វាន់ដូពានរង្វាន់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “ការប្រកួតតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំឆ្នាំ២០២៤” នៅសាលហ្វឹកហាត់តេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក និងមានការចូលរួមពីសំណាក់ ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការប្រតិបត្តិសហព័ន្ធតេក្វាន់ដូ ភ្ញៀវជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ កីឡាករ-កីឡាការិនី តំណាងក្លឹបកីឡាតេក្វាន់ដូរាជធានី-ខេត្ត។
ការប្រកួតតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ចាប់តាំងពីឆ្នាំ ២០១៤ រៀងមក សម្រាប់ផ្តល់ឱកាសដល់អត្តពលិកប្រភេទកីឡាតេក្វាន់ដូ WT ដើម្បីផ្សព្វផ្សាយក្បាច់គុនដល់សាធារណជន និងបញ្ចេញសមត្ថភាព ទេពកោសល្យ បច្ចេកទេស និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក។
ក្នុងនាមខេមរសហព័ន្ធតេក្វាន់ដូកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងបណ្ឌិត្យសភាតេក្វាន់ដូកម្ពុជា ជាពិសេសដល់ស្ថានទូតសាធារណរដ្ឋកូរ៉េ ដែលបានផ្តួចផ្តើមគំនិតរៀបចំ និងឧបត្ថម្ភគាំទ្រដល់ការរៀបចំការប្រកួតនេះ ព្រមទាំងបានចូលរួមអបអរសាទរចំពោះ កីឡាករ-កីឡាការិនី ដែលទទួលបានពានរង្វាន់ និងលើកទឹកចិត្តដល់អ្នកដែលពុំទទួលបានជ័យលាភីក្នុងឆ្នាំនេះ កុំទាន់អស់សង្ឃឹម និងត្រូវត្រៀមខ្លួនពង្រឹងសមត្ថភាពបន្ថែមសម្រាប់ការប្រកួតផ្សេងៗទៀត ត្បិតថាការប្រកួតតែងមានចាញ់ មានឈ្នះ ដែលផ្តល់ឱ្យយើងនូវមេរៀនបទពិសោធន៍ ចំណងមិត្តភាព និងសាមគ្គីភាពផងដែរ។
ការប្រកួតនេះជាវេទិកាមួយដ៏មានសារៈសំខាន់ សម្រាប់ការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ និងការលើកទឹកចិត្តដល់អត្តពលិកកីឡាតេក្វាន់ដូកម្ពុជា ព្រមទាំងជាគន្លឹះដ៏សំខាន់មួយក្នុងការវាស់ស្ទង់វាយតម្លៃកម្រិតបច្ចេកទេសបន្ថែម ដើម្បីស្វែងរកកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើមៗលើប្រភេទកីឡាតេក្វាន់ដូ WT សំដៅត្រៀមចូលរួមការប្រកួតកីឡាតេក្វាន់ដូជាលក្ខណៈអន្តរជាតិនានា និងជាពិសេសត្រៀមឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ (5th Asian Youth Games) នាឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះខាងមុខ។ ដូចនេះ សូមកីឡាករ កីឡាការិនីទាំងអស់បន្តខិតខំតាំងចិត្តដោយប្រកាន់ខ្ជាប់នូវវិន័យក្នុងការហ្វឹកហាត់ឱ្យបានល្អ ដើម្បីនាំកិត្តិយស និងមោទនភាពជូនជាតិ នាពេលខាងមុខ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំឭកផងដែរថា កាលពីឆ្នាំ២០២៣ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ កម្ពុជាទទួលបានមេដាយសរុបចំនួន ២៨៤ គ្រឿង ឈរលំដាប់លេខរៀងទី៤ ក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង១១ ក្នុងនោះមានមេដាយមាសចំនួន ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរឹទ្ធ ១២៩គ្រឿង។ សមិទ្ធផលដ៏ធំធេងទាំងនេះ គឺសុទ្ធសឹងលេចចេញពីការខិតខំប្រឹងប្រែង និងការលះបង់របស់អត្តពលិកកម្ពុជា គ្រូបង្វឹក និងការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលជាសញ្ញាមួយគូសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា “កីឡារស់ក្នុងសន្តិភាព – Sports live in peace” និង “តម្លៃសន្តិភាព ”។
ការអភិវឌ្ឍការអប់រំកាយ និងកីឡា គឺជាទិសដៅអាទិភាពមួយដ៏សំខាន់របស់ក្រសួងអប់រំ យុវជន និងកីឡា ដូចនេះក្រសួងប្តេជ្ញាចិត្តបន្ដខិតខំបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀតលើការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា តាមរយៈការធ្វើកំណែទម្រង់ជាអាទិភាព និងបន្តផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ដរបស់រាជរដ្ឋាភិបាលជូនដល់ម្ចាស់ជ័យលាភី ដើម្បីជំរុញលើកទឹកចិត្ដបន្ថែមទៀត ដល់អត្តពលិក ពង្រឹងសមត្ថភាពប្រកួត និងការចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជើងឯកជាតិ និងអន្តរជាតិ ដើម្បីដកស្រង់បច្ចេកទេសក្នុងការអភិវឌ្ឍសមត្ថភាពទាំង គ្រូបង្វឹក កីឡាករ និងកីឡាការិនីឱ្យកាន់តែប្រសើរឡើង៕