សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជំនួយដល់កងកម្លាំងទិសទី៣ ប៉ៃលិន សំឡូត យោធភូមិភាគទី៥ ដែលចុះការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រយោធភូមិភាគទី៥
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំសហការី នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម នាយ ឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោ ធពលខេមរភូមិន្ទ ទៅប្រគល់ជូន កងកម្លាំងទិសទី៣ ប៉ៃលិន សំឡូត ដែលកំពុងសហប្រតិបត្តិការក្នុងភារកិច្ចគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន ២គោលដៅ នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៥។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានផ្សព្វផ្សាយបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង ផែនការប្រើប្រាស់កម្លាំងសរុប វិធានការសរុប ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការ ការពារ ទប់ស្កាត់ និងបង្ក្រាបឲ្យបានជាដាច់ខាតនូវរាល់បទល្មើសធនធានធម្មជាតិ មិនឲ្យមានការកើតឡើងជាថ្មី។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីស្ថាប័នជំនាញ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាល្អ ចូលរួមក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលជាងមួយខែកន្លងទៅនេះ ទទួលបានជោគជ័យ គួរជាទីមោទនៈ ដោយគ្មានការកាប់បំផ្លាញជាថ្មី។ ដោយឡែកចំពោះការកាប់ទន្ទ្រានក្នុងរយៈពេលកន្លងទៅ កងកម្លាំងចម្រុះ និងសមត្ថកិច្ចជំនាញ បាននឹងកំពុងបន្តគ្រប់គ្រង និងស្រាវជ្រាវវែកមុខរកជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
នៅក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានប្រគល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់កងកម្លាំងចម្រុះ ដើម្បីបន្តបម្រើឲ្យសកម្មភាពប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕