អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ពលរដ្ឋ ដោយស្មើភាព តម្លាភាព និងបរិយាបន្ន
ភ្នំពេញ៖ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាក្រុងសៀមរាប បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាក្រុងសៀមរាប និងសមាជិកក្រុមប្រឹក្សា ២១រូប សម្រាប់អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងសេចក្ដីរាយការណ៍របស់ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងចំណាប់អារម្មណ៍របស់ លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប រួចមកឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តរួមគ្នាបង្ក្រាបបទល្មើសនានា និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រិទ្ធភាពបន្ថែមទៀត ដើម្បីរក្សាបាននូវសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងរាល់សកម្មភាពដែលបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ជាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូប និងសង្គមជាតិទាំងមូលមានសុខសុវត្ថិភាពល្អ លើកកម្ពស់សោភណភាព អនាម័យបរិស្ថាន និងកាត់បន្ថយភាពក្រីក្រ និងគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺរាតត្បាតផ្សេងៗ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅក្នុងមូលដ្ឋាន។
ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ដើម្បីតបទៅនឹងគុណតម្លៃនៃការជឿទកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានចាត់តំណាងឱ្យបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុងនាពេលនេះ ឯកឧត្តមបានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។ ជាមួយគ្នានោះ ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ការរបស់មន្រ្តីនៅក្នុងការ បំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតប ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទាំងមូល ៕