សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រៀបចំពិធីសូត្រមន្ត រាប់បាត្រ និងប្រគេនចង្ហាន់ព្រះសង្ឃដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៨ យាងចូល៨៩ព្រះវស្សា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំពិធីសូត្រមន្ត រាប់បាត្រ និងប្រគេនចង្ហាន់ព្រះសង្ឃចំននួ ៩អង្គ ក្រោមអធិបតីភាព លោកជំទាវ ទុយ ជិ និងលោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា និងសហការី។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនេះ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា មានប្រសាសន៍ថា នេះជាលើកទី១១ហើយ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានរៀបចំពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចម៉ែ សម្តេចយាយជាអម្ចាស់ ដែលឆ្នាំមុនៗមានពិធីប្រគេនចង្ហាន់ព្រះសង្ឃ និងការផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារងាយរងគ្រោះ នៅអនុសាខាស្រុក/ក្រុងផងដែរ។ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ទោះបីជាសាខាមិនបានធ្វើពិធីជួបជុំចែកអំណោយក្តី ក៏បានរៀបចំចង្ហាន់ស្រាក់ ចង្ហាន់ក្រៀម និង ទេយ្យវត្ថុ ប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តមួយចំនួន ពិសេសនៅឆ្នាំ២០២២ សាខាបានរៀបចំពិធីនេះនៅវត្តរាជបូណ៍ ប្រគេនចង្ហាន់ស្រាក់ និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៨៧ព្រះអង្គទៀតផង។
យើងទាំងអស់គ្នាជាកូន ចៅ ចៅទួតរបស់ព្រះអង្គ ពិតជាបានសម្តែងនូវការគោរព និងចងចាំគ្មានថ្ងៃបំភ្លេចបាននូវស្នាព្រះហស្ថនៃព្រះរាជសកម្មភាពអង្គសម្តេចម៉ែ សម្តេចយាយជាអម្ចាស់ ក្នុងព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិ លើវិស័យមនុស្សធម៌ ក្នុងសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតនៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលទទួលបានជោគជ័យគួរជាទីស្ញប់ស្ញែង និងព្រះប្រទានជាបទពិសោធន៍ នៃព្រះរាជសកម្មភាពជាគំរូមនុស្សធម៌ដ៏ថ្លៃថ្លា សម្រាប់ជំនាន់នេះ និងជំនាន់ក្រោយទៀត។
សូមបួងសួងថ្វាយព្រះពរជ័យមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គរមានព្រះរាជសុខភាពល្អបរិបូរណ៌ព្រះកាយពលមាំមួន ព្រះជន្មយឺតយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រជា កូន ចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ ៕