ឯកឧត្តម វ៉ា ថន ជំរុញដល់ក្រុមប្រឹក្សាស្រុកស្នួល ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងការរឹតបន្តឹងឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់
ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ របស់ក្រុមប្រឹក្សាស្រុកស្នួល អាណត្តិទី៤ ដែលចំនួន១៩រូប។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានថ្លែងនូវការអបអរសាទរចំពោះ ប្រធានក្រុមប្រឹក្សា និងសមាជិកសមាជិកា ក្រុមប្រឹក្សាស្រុកទាំងអស់ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ និងសមាជិកក្រុមប្រឹក្សាឃុំ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុកសម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំស្រុក ជាមួយគណៈអភិបាលស្រុក។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋ ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដូច្នេះក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ពិសេសគឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។
ទន្ទឹមនេះឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ក្រុមប្រឹក្សាដែលបានចូលកាន់មុខតំណែង ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងស្រុកស្នួល ក្នុងការរឹតបន្តឹង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕