ឯកឧត្តម នេត្រ ភក្ត្រា ស្នើអាជ្ញាធរនិងប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងខេត្តក្រចេះឱ្យបានគង់វង្ស និងជាពិសេសអភិរក្សសត្វកម្រៗដែលមាននៅក្នុងខេត្ត។
ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងឃុំរលួស និងឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា នៅក្នុងភូមិសាស្ត្រស្រុកអូរគ្រៀងសែនជ័យដែលជាស្រុកទើបនឹងបង្កើតថ្មីរបស់ខេត្តក្រចេះសម្បូណ៌ដោយធនធានធម្មជាតិជាពិសេសដែនជម្រកសត្វព្រៃសំបូរជាទីតាំងសម្បូណ៌ដោយធនធានធម្មជាតិសត្វព្រៃ ជាពិសេសជាកន្លែងជម្រកសត្វត្មាតដែលជាសត្វកម្រនៅក្នុងប្រទេសកម្ពុជា។
យោងតាមទិន្នន័យពីការជំរឿនសត្វត្មាតនៅដើមខែមិថុនា សត្វត្មាតចំនួន ១២៩ ក្បាលត្រូវបានរាប់ឃើញនៅទីតាំងចំនួន ៤ នៅកម្ពុជាក្នុងនោះរួមមានដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារចំនួន ២០ ក្បាល ដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែងមានចំនួន ៨៨ ក្បាល ដែនជម្រកសត្វព្រៃសំបូរ ក្នុងខេត្តក្រចេះមានចំនួន ១៨ ក្បាល និងដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរីមានចំនួន ៣ ក្បាល ខណៈក្នុងខែដូចគ្នាក្នុងឆ្នាំ២០២៣ កន្លងទៅ ជំរឿនរកឃើញមានសត្វត្មាតចំនួន ១៣៣ ក្បាលនៅតំបន់ទាំង ៤ នេះ។
ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានស្នើដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បន្តថែរក្សាការពារ និងអភិរក្សសត្វព្រៃ និងធនធានធម្មជាតិឱ្យបានល្អគង់វង្ស និងកុំកាប់ទន្ទ្រាន រុករានកាប់ឆ្ការព្រៃឈើដោយខុសច្បាប់ ព្រោះថា តំបន់នេះនឹងក្លាយជារមណីយដ្ឋានទីតាំងទេសចរណ៍ធម្មជាតិដ៏គួរឱ្យទាក់ទាញ ហើយត្រូវរួមសហការគ្នារៀបចំឱ្យមានសោភ័ណភាព មានភាពទាក់ទាញ បរិស្ថានអនាម័យស្អាត មានសណ្តាប់ធ្នាប់ ការប្រាស្រ័យទាក់ទងល្អ រួសរាយរាក់ទាក់ បង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមក្នុងមូលដ្ឋាន។
បន្ថែមពីនេះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានជំរុញលើកទឹកចិត្តឱ្យសហគមន៍មូលដ្ឋានចូលរួមឱ្យបានសកម្មលើការអភិវឌ្ឍទេសចរណ៍ និងការនាំចេញនៅហ្នឹងកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅប្រទេសឱ្យមកកម្សាន្តកាន់តែច្រើនឡើង សំដៅបង្កើនប្រាក់ចំណូលគ្រួសារ និងការកាត់បន្ថយភាពក្រីក្រ៕