អបអរសាទរខួប៦២ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឲ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ
ភ្នំពេញ៖ ថ្ងៃនេះជាខួប៦២ឆ្នាំ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២០) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហុឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។
ប្រាសាទព្រះវិហារ គឺជាសម្បត្តិវប្បធម៌ដែលមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសយើងបានបន្សល់ទុកឱ្យ កូនចៅខ្មែរជំនាន់ក្រោយ និងមនុស្សជាតិ។
ប្រាសាទព្រះវិហារក៏ដូចជាប្រាសាទដទៃទៀតដ៏ច្រើនលើសលប់នៃអាណាចក្រខ្មែរ គឺជារូបបំព្រួញនៃភាពរុងរឿងរបស់សង្គមខ្មែរបុរាណ និងជានិមិត្តរូបនៃភាពកំពូលរបស់អារ្យធម៌ខ្មែរ និងភាពឧស្សាហ៍ព្យាយាមរបស់ជនជាតិខ្មែរដែលបានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបសម័យនោះ ដើម្បីកសាងនូវប្រាសាទដ៏ល្អឥតខ្ចោះសម្រាប់ឧទ្ទិសដល់អាទិទេព គឺព្រះសិវៈ។
ប្រាសាទព្រះវិហារត្រូវបានសាងសង់ឡើងជាច្រើនដំណាក់កាល ចាប់ផ្តើមសាងសង់ដោយព្រះបាទយសោវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី៩ និងបញ្ចប់ដោយព្រះបាទសុរិយវរ្ម័នទី២ ដែលជាព្រះមហាវីរៈក្សត្រដែលបានសង់ប្រាសាទអង្គរវត្តដ៏ល្បីល្បាញក្នុងពិភពលោកយើងនេះនៅសតវត្សរ៍ទី១២។ សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះវិហាររហូតដល់យើងបានចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ថ្ងៃ៧កក្កដា ឆ្នាំ២០០៨។
ដើម្បីធានាឱ្យបាននូវកិច្ចការអភិរក្ស និងការគ្រប់គ្រងនូវប្រាសាទព្រះវិហារ ប្រកបដោយនិរន្តរភាព រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្រេចឱ្យបាននូវការចុះឈ្មោះរមណីយដ្ឋានប្រាសាទ ព្រះវិហារ ជាទីសក្ការ ក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ កន្លង ទៅនេះប្រកបដោយជោគជ័យ។ ការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភ័ណ្ឌពិលោកឆ្លុះបញ្ចាំងពីតម្លៃសកលលេចធ្លោសារសំខាន់អន្តរជាតិដ៏ធំធេង និងលក្ខណៈវិសេសវិសាលនៃប្រាសាទព្រះវិហារជាទីសក្ការដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រាសាទ បរិស្ថានធម្មជាតិ មនុស្ស និងអាទិទេព៕