មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទជំនាន់ទី១ ចំនួន៨៦រូប ចូលរួមស្បថមុនពេលចូលបម្រើការងារ
ភ្នំពេញ៖ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ពិធីសច្ចាប្រណិធាននេះ ត្រូវបានរៀបចំឡើងសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ចំនួន ៨៦ រូប បន្ទាប់ពីទទួលបានការសម្រេចផ្តល់នីតិសម្បទាពី អ.ដ.ក. នៅក្នុងកិច្ចប្រជុំលើកទី៦ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ។
ការធ្វើពិធីសច្ចាប្រណិធាននេះ គឺមិនត្រឹមតែជាកាតព្វកិច្ច ដែលកំណត់ដោយច្បាប់ ដែលមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ត្រូវធ្វើមុនពេលចាប់ផ្តើមអនុវត្តមុខងាររបស់ខ្លួនជាផ្លូវការប៉ុណ្ណោះទេ តែនេះ ក៏ដើម្បីបង្ហាញពីតម្លាភាព ភាពស្អាតស្អំ និងភាពស្មោះត្រង់របស់ខ្លួន ក្នុងការអនុវត្តមុខងារសម្រុះសម្រួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អ.ដ.ក. ក៏បានគូសបញ្ជាក់ផងដែរថា ពិធីសច្ចាប្រណិធាននាពេលនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តថ្មីមួយទៀត របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអាចទុកជាការចាប់ផ្តើមពិតប្រាកដនៃដំណើរការចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕